ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបរាត្រីមួយកន្លែង លុះក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមបែកគំនិតដើរចាប់ឱបភ្ញៀវស្រីៗ និងបង្កការរំខានដល់ភ្ញៀវផ្សេងៗទៀត លុះសន្តិសុខចូលមកឃាត់ ស្រាប់តែរករឿងជេរប្រមាថ រួចប្រើអំពើហិង្សាវាយដំទៅលើសន្តិសុខចំនួន២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ទីបំផុត ក៏ត្រូវកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍បុរសស្រវឹងអុកឡុកក្លឹបរាត្រីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្លឹបកម្សាន្តយីហោ ថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យខាងលើ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះឡម គឹមលាភ អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះចំនួន២នាក់ រួមមាន ទី១-ឈ្មោះរុន ចាន់ណា អាយុ៥២ឆ្នាំ មុខរបរសន្តិសុខក្លឹប រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះគង់ ឌី អាយុ៥៣ឆ្នាំ មុខរបរសន្តិសុខក្លឹប រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕
