ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីម្នាក់បានកើតមានអាការៈស្លេកស្លាំងខុសប្រក្រតី ទើបស្ត្រីជាម្តាយនឹកឆ្ងល់ សួរនាំរកឬសគល់ ស្រាប់តែកូនស្រីបានទម្លាយរឿងរ៉ាវប្រាប់ថា នាងត្រូវបានប្រុសព្រានម្នាក់ចាប់រំលោភ តាំងពីអំឡុងខែឧសភាមកម៉្លេះ ទើបធ្វើឱ្យស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ខឹងច្រឡោត ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់អូសកជនល្មោភកាមរូបនោះ យកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានចាប់រំលោភកូនស្រីគេនេះ បានកើតឡើងតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល (មិនចាំថ្ងៃ) នៅ ចំណុចភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។ ចំណែកជនសង្ស័យទើបនឹងត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីរឿងរ៉ាវបានបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង។
ជនសង្ស័យវ័យក្មេង ដែលចាប់រំលោភក្មេងស្រី និងត្រូវម្តាយរបស់នាងប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសេន អាតាំ ហៅលីត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនជាតិខ្មែរ-អ៊ីស្លាម មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះម.ល.ស អាយុ១៣ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម មុខរបរសិស្ស និងមានលំនៅក្នុងភូមិឃុំជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសេន អាតាំ ហៅលីត បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ដូចអ្វីដែលនាងប្តឹងចោទប្រកាន់មែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់តាមនីតិវិធី៕