ខេត្តប៉ៃលិន ៖ ម្ចាស់រោងចិញ្ចឹមជ្រូកម្នាក់ រួមនឹងមិត្តភក្តិ៣-៤នាក់ បាននាំគ្នាក្រោកពីងងឹត រៀបចំចាប់ជ្រូក១ក្បាលយកមកកាប់ ត្រៀមជប់លៀង តែដោយដាំទឹកមិនទាន់ពុះ ក៏នាំគ្នាទៅអង្គុយផឹកស្រាចាំទឹកពុះ ស្រាប់តែភ្លាមនោះ ក៏កើតមានករណីទុស្សេភ្លើង ធ្វើឱ្យឆេះទ្រុងជ្រូកយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យកើតមានការផ្អើលឆោឡោ នាំគ្នាទៅពន្លត់ តែទម្រាំភ្លើងរលត់ ជ្រូក៤ក្បាល ត្រូវភ្លើងឆេះងាប់បាត់ទៅហើយ ហេតុនេះពិធីជប់លៀង ដែលត្រៀមសាច់ក្លែមត្រឹមតែជ្រូក១ក្បាល ត្រូវកើនសាច់ក្លែមដល់ទៅ៤ក្បាលឯណោះ។

ហេតុការណ៍ទុស្សេខ្សែភ្លើងឆេះទ្រុងជ្រូកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣៦នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្បែរជើងភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
ម្ចាស់រោងចិញ្ចឹមជ្រូកដែលត្រូវភ្លើងឆេះខាងលើ មានឈ្មោះឡូត សាវឿង អាយុ៣៤ឆ្នាំ មានប្រពន្ធឈ្មោះកែវ សារឿន អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

យ៉ាងណា ពិធីជប់លៀងដែលម្ចាស់ផ្ទះត្រៀមធ្វើតិចតួច ដោយមានសាច់ក្លែមត្រឹមតែជ្រូក១ក្បាល បានប្រែប្រួលទៅជាពិធីជប់លៀងធំវិញ ដោយសារតែសាច់ជ្រូកសម្រាប់ក្លែមកើនដល់៤ក្បាលឯណោះ៕