ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់ ឃើញក្មេងស្រីម្នាក់ដេកនៅលើគ្រែក្រោមផ្ទះ ជាមួយនឹងប្អូនប្រុសតូច ក៏លបចូលទៅធ្វើសកម្មភាពប្រើដៃលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះលេង លុះនាងភ្ញាក់ដឹងខ្លួនស្រែកឆោឡោ ផ្អើលដល់ក្រុមគ្រួសារ រាយការណ៍ប្តឹងសមត្ថកិច្ចចុះចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់ភ្លាមៗ។

ហេតុការណ៍ប្រុសព្រានរពឹសដៃ លូកស្ទាបប្រដាប់ភេទក្មេងស្រីលេង បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងក្រោមផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងសហគមន៍បុរីកីឡា ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនបាន ក្រោយកើតហេតុភ្លាមៗ។
ជនសង្ស័យល្មោភកាមដែលបៀតបៀនកេរ្តិ៍ខ្មាសក្មេងស្រី រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះហៀង ចាន់ធី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងសហគមន៍បុរីកីឡា ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ ស្ថិតក្នុងសហគមន៍បុរីកីឡាជាមួយគ្នា។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដែក បានចុះមកដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)