Sunday, November 9, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់ មិនទាន់បានឆក់ផង ស្លាប់ខ្លួនឯងក្នុងវាលស្រែ

អាណោចអាធ័មណាស់ មិនទាន់បានឆក់ផង ស្លាប់ខ្លួនឯងក្នុងវាលស្រែ

ខេត្តតាកែវ ៖ យុវជនម្នាក់ បានរាយខ្សែភ្លើងចេញពីផ្ទះបងប្រុសបង្កើត បំណងឆក់ត្រីនៅក្នុងស្រែខាងក្រោយផ្ទះ ស្រាប់តែអកុសល ឧបករណ៍ឆក់ឆ្លងចរន្ត ក៏បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ក្នុងទឹកស្រែយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង។

យុវជនរងគ្រោះ ដែលដើរឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់នេះ មានឈ្មោះញ៉ែម ឡៃ អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកឧបករណ៍ឆក់ត្រីពីផ្ទះរបស់ខ្លួន រួចរាយខ្សែភ្លើង ចេញពីផ្ទះបងប្រុសបង្កើតឈ្មោះញែម រុំ អាយុ៥០ឆ្នាំ រស់នៅភូមិជាមួយគ្នា បំណងដើរឆក់ត្រីនៅតាមវាលស្រែក្បែរផ្ទះ។ ស្រាប់តែមិនទាន់បានឆក់ផង  ឧបករណ៍ឆក់បានឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ជនរងគ្រោះស្លាប់នៅក្នុងទឹកស្រែយ៉ាងអាណោចអាធ័មតែម្តង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង រាយការណ៍បាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។ មូលហេតុជនរងគ្រោះរាយខ្សែភ្លើងឆក់ត្រី ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ខ្លួនឯង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES