Sunday, November 9, 2025
Homeព័ត៌មានជាតិប៉ូលិសស័ក្តិ៤កន្លះ បាញ់សម្លាប់ខ្លួនក្នុងបន្ទប់សណ្ឋាគារ សពនឹងត្រូវបូជាថ្ងៃស្អែក

ប៉ូលិសស័ក្តិ៤កន្លះ បាញ់សម្លាប់ខ្លួនក្នុងបន្ទប់សណ្ឋាគារ សពនឹងត្រូវបូជាថ្ងៃស្អែក

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ មិនដឹងជាឈឺចិត្តស្អិតទ្រូង ឬមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែជួលបន្ទប់សណ្ឋាគារស្នាក់នៅតែម្នាក់ឯងពេញ១យប់ លុះព្រឹកឡើង មិនឃើញចេញពីបន្ទប់ ក៏ត្រូវបុគ្គលិកឡើងទៅមើល ស្រាប់តែប្រទះឃើញមន្ត្រីប៉ូលិសរូបនេះ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ។

ករណីមន្ត្រីប៉ូលិសបាញ់សម្លាប់ខ្លួនក្នុងបន្ទប់សណ្ឋាគារនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់សណ្ឋាគារ យីហោ ស៊ីដនី ដែលជាអគារតែមួយជាមួយនឹងខារ៉ាអូខេ “កូឡូសូ” មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

បុរសគំនិតខ្លីដែលបាញ់សម្លាប់ខ្លួនរូបនេះ មានឈ្មោះម៉ុន រតនៈឧត្តម អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ  មានឋានន្តរស័ក្តិ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ជាកូនប្រុសបង្កើត លោកទេស សុីម៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះដល់ទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា ជនរងគ្រោះជាមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះ ហើយករណីនេះនៅមិនទាន់ដឹងច្បាស់ថា ជាករណីឃាតកម្ម ឬអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) នោះទេ។ ប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូង គឺជាករណីអត្តឃាតដោយជនរងគ្រោះ បានប្រើកាំភ្លើងខ្លី ប្រភេទ K54 បាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារ។

តាមការបំភ្លឺពីបុគ្គលិកសណ្ឋាគារស៊ីដនី ដែលជាទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះបានចូលមកជួលបន្ទប់សណ្ឋាគារសម្រាក១យប់។ លុះមកដល់វេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ទៅហើយ មិនទាន់ឃើញជនរងគ្រោះចុះមកវិញ និងមិនដឹងថា ជនរងគ្រោះចង់ស្នាក់នៅបន្តទៀត ឬយ៉ាងណា ទើបបុគ្គលិកសណ្ឋាគារ បានទូរស័ព្ទទៅកាន់បន្ទប់ជនរងគ្រោះ បំណងសួរនាំ តែគ្មានអ្នកលើក ទើបឡើងទៅគោះទ្វារបន្ទប់យ៉ាងយូរ ក៏នៅតែមិនឃើញជនរងគ្រោះបើកទ្វារទៀត ទើបនឹកសង្ស័យ ក៏ដាច់ចិត្តគាស់គន្លឹះទ្វារចូលទៅមើល ក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម មិនដឹងតាំងពីពេលណានោះទេ ព្រមទាំងមានកាំភ្លើងខ្លី១ដើម នៅក្បែរខ្លួនផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្តឹងសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព តែលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងច្បាស់នៅឡើយ គ្រាន់តែត្រូវបានសមត្ថកិច្ចមូលដ្ឋាន លួចបង្ហើបប្រាប់ថា ករណីនេះជាករណីអត្តឃាតបាញ់សម្លាប់ខ្លួន។

យ៉ាងណា ករណីខាងលើនេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យស្រាវជ្រាវយ៉ាងល្អិតល្អន់ ដើម្បីបញ្ជាក់ពីការពិតឱ្យបានច្បាស់។

បច្ចុប្បន្នសាកសពលោកម៉ុន រតនៈឧត្តម តម្កល់ធ្វើបុណ្យនៅវត្តនិរោធ ខណ្ឌច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ  ហើយនឹងត្រូវបូជា នៅថ្ងៃ​សុក្រ ទី០៣ ខែ​សីហា ឆ្នាំ២០១៨ វេលា​ម៉ោង០២រសៀល ៕

RELATED ARTICLES