ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់បានចុះទៅងូតទឹកលេងនៅទំនប់ទឹកមួយកន្លែង លុះរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ ហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចទំនប់បុស្សម្កាក់ ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះលឹម សុបញ្ញា អាយុ៩ឆ្នាំ រស់នៅភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ បានចុះទៅលេងទឹកនៅចំណុចទំនប់បុស្សម្កាក់ ទីតាំងកើតហេតុខាងលើ លុះបន្តិចក្រោយមក ក៏ស្រាប់តែបាត់ក្មេងប្រុសរងគ្រោះ ទើបធ្វើឱ្យមានការផ្អើលឆោឡោ នាំគ្នាចុះរាវរក ទម្រាំប្រទះឃើញ ក្មេងប្រុសរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មូលហេតុដោយសារតែក្មេងប្រុសរងគ្រោះបានចុះលេងទឹក ហើយផុតជើង ណាមួយគ្មានអ្នកប្រទះឃើញជួយទាន់ពេលេវេលា ទើបបណ្តាលឱ្យលង់ទឹកស្លាប់បែបនេះតែម្តង។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕