ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវប្រពន្ធចុះចោលមួយរយៈមកហើយ ទើបធ្វើឱ្យមួម៉ៅក្តៅចិត្តខ្លាំងពេក ក៏បែកគំនិតដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះម៉ដ្ឋសល់តែផេះផង់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ។

បុរសចិត្តខ្លាំងដែលខឹងប្រពន្ធរត់ចោល បែរជាដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះគ្មានសល់នេះ មានឈ្មោះតុប លាភ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការខូចខាត មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក។

តាមការអះអាងរបស់សាច់ញាតិបុរសខាងលើ អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតផ្ទះ១ខ្នង ស្រូវ១០០គីឡូក្រាម តែពុំបានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏គ្មាននរណាម្នាក់រងគ្រោះថ្នាក់នោះដែរ។

ក្រោយពីបង្កហេតុរួច បុរសខាងលើបានរត់គេចខ្លួនបាត់ស្រមោល៕