ខេត្តបន្ទាយមានជ័យ ៖ បុរសជាព្រានព្រៃ៣នាក់ បាននាំគ្នាដើរចូលព្រៃតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បំណងបរបាញ់សត្វតាមទម្លាប់ ស្រាប់តែអកុសល ជាន់ចំមីន១គ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម បណ្តាលផ្ទុះកក្រើកពេញព្រៃ បង្កឱ្យបុរសម្នាក់រងរបួសធ្ងន់ដាច់ជើងទាំងសងខាង ចំណែក២នាក់ទៀត ម្នាក់រងរបួសស្រាល រីឯម្នាក់ទៀតគ្មានរបួសនោះទេ។

ហេតុការណ៍ព្រានព្រៃដើរបាញ់សត្វ ជាន់ចំមីនផ្ទុះដាច់ជើងម្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ ត្រង់ចន្លោះបង្គោលសីមា លេខ២៧-២៨ ស្ថិតនៅជើងភ្នំដងរែក ភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

ព្រានព្រៃទាំង៣នាក់ ដែលដើរបរបាញ់សត្វតាមខ្សែបន្ទាត់ព្រំដែនជាមួយគ្នា រួមមាន ទី១-ឈ្មោះអឿន នី អាយុ២០ឆ្នាំ មុខរបរបរបាញ់សត្វ មានលំនៅក្នុងភូមិរដួលថ្មី ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល (រងរបួសដាច់ជើងទាំង២ និងត្រូវអំបែងខ្ទាតចំសុះពេញខ្លួន) ទី២-ឈ្មោះ ស្នាង គ្រើម អាយុ៤២ឆ្នាំ មុខរបរបរបាញ់សត្វ រស់នៅភូមិជាមួយគ្នា (រងរបួសស្រាល) និងទី៣-ឈ្មោះចាច ហ៊ា អាយុ៤៥ឆ្នាំ មុខរបរបរបាញ់សត្វ រស់នៅភូមិជាមួយគ្នា ពុំមានរបួសនោះទេ។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់បាននាំគ្នាដើររកបរបាញ់សត្វព្រៃ នៅតាមជើងភ្នំដងរែក តាមបន្ទាត់ព្រំដែនខ្មែរ-ថៃ។ លុះទៅដល់ចំណុចកើតហេតុខាងលើ ដោយសារតែត្រូវតាមប្រមាញ់សត្វរៀងៗខ្លួន ទើបពួកគាត់ទាំង៣នាក់ បានដើរឃ្លាតឆ្ងាយពីគ្នា ដោយឡែកជនរងគ្រោះឈ្មោះអឿន នី មិនដឹងជាយ៉ាងម៉េចក៏បានដើរជាន់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម ធ្វើឱ្យផ្ទុះឡើងកក្រើកពេញព្រៃតែម្តង បណ្តាលឱ្យឈ្មោះអឿន នី រងរបួសធ្ងន់ធ្ងរដាច់ជើងទាំង២ ព្រមទាំងរបួសសុសពេញខ្លួណ ចំណែកឈ្មោះ ស្នាង គ្រើម រងរបួសស្រាល រីឯឈ្មោះចាច ហ៊ាន ដើរឃ្លាតឆ្ងាយពីគេ ទើបមិនមានរបួសអ្វីនោះទេ។

លោកមេបញ្ជាការនគរបាលវរការពារព្រំដែនគោក បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលដើរបរបាញ់សត្វ ហើយជាន់មីនផ្ទុះដាច់ជើងនេះ គឺបានជាន់ចំមីនស្កូ ប្រភេទ K58 សល់ពីសម័យសង្គ្រាមនៅតាមបន្ទាត់ព្រំដែន។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។

ជាមួយគ្នានេះ អាជ្ញាធរដែលឈរជើងតាមបន្ទាប់ព្រំដែន បានអំពាវនាវនិងសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់តាមបន្ទាត់ព្រំដែន ត្រូវប្រុងប្រយ័ត្នជាពិសេសការដើររកបរបាញ់សត្វ និងកាប់ឈើក្បែរៗបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ព្រោះនៅមានគ្រាប់មីននៅសល់ច្រើន ណាស់ដែលមិនទាន់ផ្ទុះ៕