Sunday, November 9, 2025
Homeព័ត៌មានជាតិស្ទះចរាចរណ៍កកកុញលើផ្លូវជាតិលេខ៤ កាលពីព្រឹកម្សិលមិញ ព្រោះតែរឿងហ្នឹងសោះ

ស្ទះចរាចរណ៍កកកុញលើផ្លូវជាតិលេខ៤ កាលពីព្រឹកម្សិលមិញ ព្រោះតែរឿងហ្នឹងសោះ

ខេត្តព្រះសីហនុ ៖ រថយន្តចំនួន៣គ្រឿង ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជ្រុលចង្កូតបុកបន្តកន្ទុយគ្នា បណ្តាលឱ្យមនុស្សចំនួន២នាក់ទទួលរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោងប្រមាណជិត៤រសៀល ថ្ងៃ០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខកសិដ្ឋានចាស់ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំ២គ្រឿង បានបុកប៉ះគ្នារួចហើយ រថយន្តមួយគ្រឿង ក្នុងចំណោមនោះ បានជ្រុលទៅបុករថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ដែលខូចឈប់ចតនៅខាងចិញ្ចើមផ្លូវតាំងពីព្រឹកមកម៉្លេះ បណ្តាលឱ្យបុរសម្នាក់កៀបជាប់ក្នុងរថយន្ត ទទួលរងរបួសធ្ងន់ ចំណែកម្នាក់ទៀត ទទួលរងរបួសស្រាល។

ប្រភពដដែលបន្តថា រថយន្តទី១ ពាក់ស្លាកលេខភ្នំពេញ 3F-7220 បើកបរដោយឈ្មោះមឿន សាយ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (រងរបួសធ្ងន់កៀបជាប់ក្នុងកាប៊ីនរថយន្ត)។ រថយន្តទី២ ពាក់ស្លាកលេខព្រះសីហនុ 3A-7007 បើកបរដោយឈ្មោះយ៉ុង សារុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសស្រាល)។ ចំណែករថយន្តទី៣ ជារថយន្តដឹកប្រេងខូចលើចិញ្ចើមផ្លូវ ពាក់ស្លាកលេខភ្នំពេញ 3C-4821 បើកបរដោយឈ្មោះប៉េ ណា ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (មិនមានរងរបួសអ្វីទេ)។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទងហៅក្រុមសង្គ្រោះមកជួយ និងព្យាយាមសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសធ្ងន់ កៀបជាប់ក្នុងកាប៊ីនរថយន្ត ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ។

ដោយឡែក រថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងតាមជំនាញរួច ក៏អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

RELATED ARTICLES