ខេត្តព្រះសីហនុ ៖ បុរសវ័យចំណាស់ម្នាក់ បានកាន់ថ្នាំកណ្តុរដើរសំដៅទៅវាលស្រែ បំណងដាក់ថ្នាំការពារកុំឱ្យកណ្តុរស៊ីសំណាបរួច ក៏ស្រាប់តែបាត់ខ្លួនពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះព្រឹកឡើង ស្ត្រីជាប្រពន្ធបានដើរតាមរកប្តី ក៏ស្រាប់តែប្រទះឃើញប្តីរបស់ខ្លួនដេកស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាព្រឹកព្រលឹម ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។
បុរសរងគ្រោះខាងលើ មានឈ្មោះម៉ៅ ផន ហៅតាក្របី អាយុ៥៧ឆ្នាំ ប្រកបរបរឡើងបេះដូង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕