Sunday, November 9, 2025
Homeព័ត៌មានជាតិរឿងប្រុស២នាក់ចាប់... ស្រីលេបថ្នាំ៥០គ្រាប់សម្លាប់ខ្លួន

រឿងប្រុស២នាក់ចាប់… ស្រីលេបថ្នាំ៥០គ្រាប់សម្លាប់ខ្លួន

ភ្នំពេញ ៖ យុវតីម្នាក់បានយកថ្នាំងងុយដេក៥០គ្រាប់ មកលេបប៉ុនប៉ងសម្លាប់ខ្លួន លុះឪពុកម្តាយប្រទះឃើញជួយសង្គ្រោះទាន់ ជជីកសួរនាំរកឬសគល់ ទើបកូនស្រីដាច់ចិត្តទម្លាយរឿងរ៉ាវថា មូលហេតុមកពីនាងតូចចិត្ត និងខ្មាសគេពីរឿងដែលត្រូវប្រុសព្រាន២នាក់ចាប់រំលោភ លុះឪពុកម្តាយឮបែបនេះ ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រាន២នាក់រំលោភបូកនារីវ័យក្មេងនេះ បានកើតឡើង តាំងពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ “ដាលីន” បន្ទប់លេខ៦។ លុះមកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ យុវតីរងគ្រោះក៏បានយកថ្នាំងងុយដេកមកលេបសម្លាប់ខ្លួន ព្រោះតែតូចចិត្តរឿងផុងខ្លួនត្រូវប្រុសចាប់រំលោភបូក។ ទីបំផុត ឪពុកម្តាយសួរនាំបែកធ្លាយរឿងរ៉ាវ ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យល្មោភកាមទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះប៊ូ សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស និងទី២- ឈ្មោះទូច ឡុងឃុន អាយុ១៧ឆ្នាំ មុខរបរសិស្ស។ ជនសង្ស័យទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកយុវតីរងគ្រោះ មិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានអាយុ១៥ឆ្នាំ។

 

 

យ៉ាងណាក្តី ជនសង្ស័យទាំង២នាក់នៅពុំទាន់សារភាពថា បែបណានៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើការសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES