ខេត្តកណ្តាល ៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទឹកស្ទឹង ទាំងសភាពជើងជាប់ច្រវាក់ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងសង្ស័យថា ជាករណីឃាតកម្ម ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយស្រង់សាកសពឡើងមកលើគោក ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដ។

ករណីប្រទះឃើញសាកសពអណ្តែតទឹកមានជាប់ច្រវាក់ជើងនេះ បានកើងមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ទឹងព្រែករាំង ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពខាងលើអណ្តែត នៅក្នុងទឹកស្ទឹង និងឃើញមានទាំងច្រវាក់ជាប់នៅជើងទៀតផង ទើបសង្ស័យថាជាករណីឃាតកម្ម ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ជាបន្ទាន់។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានស្រង់យកសាកសពឡើងមកលើ គោក រួចទាក់ទងហៅខាងជំនាញឱ្យចុះមកពិនិត្យ។
តាមការពិនិត្យស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ទើបដឹងថា សពជនរងគ្រោះមានឈ្មោះអ៊ុក ចាន់តារា អាយុ៣៦ឆ្នាំ មានជំងឺសរសៃប្រសាទប្រចាំកាយ និងមានលំនៅក្នុង សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា សាកសពស្លៀកខោចង្កេះកៅស៊ូ ក្រណាត់ក្រឡា ត្រឹមជង្គង់ អត់ពាក់អាវ ចាក់សាក់លើស្មាទាំងសងខាង មានចាក់សោច្រវាក់ជើងខាងស្តាំប្រវែង២ម៉ែត្រ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឱ្យ កត់សម្គាល់ទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ បានស្លាប់ដោយសារលង់ទឹក ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីទេ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីដឹកទៅកាន់លំនៅដ្ឋាន រៀបចំធ្វើបុណ្យតាមប្រពៃណី៕