ខេត្តសៀមរាប ៖ ជនដៃដល់ជាឃាតករ ដែលបានធ្វើសកម្មភាពចាប់អារកសម្លាប់បុរសពិការជើង ធ្លាប់ជាដៃគូផឹកស្រាសជាមួយគ្នា បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិថ្នល់ចែក ឃុំកើនសង្កែ ស្រុកសូទ្រនិគម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យជាឃាតករដៃឆៅ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុច ចាន់ណា ហៅជីវ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ចំណែកបុរសរងគ្រោះមានឈ្មោះឈិត ខ្វាន់ អាយុ៥៦ឆ្នាំ ជាជនពិការជើង (ស្វិតជើង) ដើរកាន់ឈើច្រត់ មានលំនៅក្នុងភូមិកើតហេតុខាងលើ (ទល់មុខផ្ទះគ្នាជាមួយជនសង្ស័យ)។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការចាប់ខ្លួនជនជាឃាតករដៃឆៅខាងលើនេះ ធ្វើឡើងដោយមានការសហការរវាងកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ ទីបំផុត ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ខណៈដែលជននេះបានរត់ទៅសម្ងំលាក់ខ្លួន នៅក្នុងភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឯណោះ។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករខាងលើបាន សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានប្រគល់ជននេះមកឱ្យសមត្ថកិច្ចជំនាញខេត្តសៀមរាប នាំខ្លួនយកមកសួរនាំនៅស្នងការដ្ឋានខេត្តសៀមរាប ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕
