Sunday, November 9, 2025
Homeព័ត៌មានជាតិផ្ទុះជម្លោះក្នុងគ្រួសារ ប្តីបាញ់៣គ្រាប់ ប្រពន្ធរើសសំបកគ្រាប់ចូលផ្ទះ

ផ្ទុះជម្លោះក្នុងគ្រួសារ ប្តីបាញ់៣គ្រាប់ ប្រពន្ធរើសសំបកគ្រាប់ចូលផ្ទះ

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វី ឬមានជម្លោះអ្វីជាមួយនឹងក្រុមគ្រួសាររបស់ខ្លួននោះទេ ស្រាប់តែបានចេញទៅផឹកស្រារហូតដល់ស្រវឹងជោកជាំ រួចក៏បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ មកឈប់មុខផ្ទះ រួចចុះមកស្រែកឡូឡាយ៉ាងខ្លាំង បន្ទាប់មកក៏បានដកកាំភ្លើងខ្លី១ដើម បាញ់មេឃចំនួន៣គ្រាប់ផ្ទួនៗគ្នា ហើយបើករថយន្តគេចចេញបាត់យ៉ាងរំភើយ។

ករណីបាញ់បោះសេរីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្សារឌុយមិច តាមបណ្តោយផ្លូវ១០៩ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីអ្នករស់នៅជិតខាង បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់បើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ 2-6565 ទាំងស្ថានភាពស្រវឹង មកឈប់មុខផ្ទះ រួចមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ទើបធ្វើឱ្យកើតមានការស្រែកឡូឡាយ៉ាងខ្លាំង។ ស្រាប់តែមួយសន្ទុះក្រោយមក បុរសខាងលើក៏បានដកកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក បាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា រួចក៏ឡើងបើករថយន្តចេញទៅបាត់ស្រមោល បង្កឱ្យមានការភិតភ័យ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅជិតខាង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានមិនឃើញចុះមកទីតាំងកើតហេតុនោះទេ ដោយមានតែក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ព្រោងព្រាត និងបានប្រទះឃើញសំបកគ្រាប់កាំភ្លើងមិនស្គាល់ម៉ាក៣គ្រាប់ នៅនឹងមុខផ្ទះនោះផងដែរ លុះគ្រាន់តែឃើញក្រុមអ្នកសារព័ត៌មាន ថតសំបកគ្រាប់កាំភ្លើង ក៏ស្រាប់តែមានស្ត្រីម្នាក់ (សង្ស័យជាប្រពន្ធខ្មាន់កាំភ្លើង) បានរត់ចេញមកប្រមូលសំបកគ្រាប់យកទៅទុកចូលក្នុងផ្ទះ ដើម្បីគេចពីអ្នកកាសែត ផងដែរ៕

RELATED ARTICLES