ភ្នំពេញ ៖ បុរសជាប្តីកំណាចម្នាក់ ព្រោះតែកើតមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងពេក ក៏ចេញទៅផឹកស្រាស្រវឹងជោកជាំ រួចត្រឡប់មករករឿង ចោទប្រកាន់ថា ប្រពន្ធលួចលាក់មានសហាយស្មន់ជាមួយប្រុសក្មេង និងបានប្រើអំពើហិង្សាវាយដំច្រំធាក់ប្រពន្ធ បណ្តាលឱ្យប៉ោងភ្នែកម្ខាង បន្ទាប់មកក៏ចាប់ប្រពន្ធកោរត្រងោល រួចចាក់សោបង្ខាំងទុកក្នុងផ្ទះ ចំណែកប្តីកំណាចបានទាញម៉ូតូជិះចេញទៅបាត់ស្រមោល ទុកឱ្យប្រពន្ធស្រែកទ្រហោយំ ហៅអ្នកជិតខាងឱ្យជួយ បង្កឱ្យមានការផ្អើលឆោឡោឡើងទាំងយប់។

ករណីប្តីប្រើហិង្សា និងធ្វើទារុណកម្មប្រពន្ធយ៉ាងឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជាន់ក្រោម ស្ថិតក្នុងក្រុម៦ ភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីវ៉ៃប៉ោងភ្នែក រួចចាប់កោរត្រងោល មានឈ្មោះពីង ស្រីនាង អាយុ៣៩ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុកកំណើតនៅឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកបុរសជាប្តីឃោរឃៅ មានឈ្មោះសីន តារា អាយុ៤០ឆ្នាំ មុខរបរដើររើសអេតចាយ។ ប្តីប្រពន្ធខាងលើនេះ ស្នាក់នៅផ្ទះជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះមានបំណងចង់ទៅស្នាក់នៅផ្ទះបងប្អូន១យប់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ព្រោះមិនហ៊ានត្រឡប់ទៅដេកផ្ទះវិញ ខ្លាចប្តីមកវាយធ្វើបាបម្តងទៀត ឬអាចសម្លាប់គាត់ចោល ប៉ុន្តែស្ត្រីរងគ្រោះគ្មានលុយកាក់១រៀលជាប់ខ្លួនឡើយ ឃើញបែបនេះ លោកនាយប៉ុស្តិ៍ បានជួយចេញថ្លៃរ៉ឺមកម៉ូតូកង់៣ ចំនួន៣ម៉ឺនរៀល ឱ្យដឹកស្ត្រីរងគ្រោះទៅសម្រាកផ្ទះបងប្អូននៅក្រុងតាខ្មៅ ព្រមទាំងបានផ្តល់ថវិកាខ្លះដល់ស្ត្រីរងគ្រោះ គ្រាន់ចាយវាយតាមផ្លូវទៀតផង៕
