ខេត្តកណ្តាល ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិផ្លូវចិត្តអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិត ចោលប្រពន្ធកូន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ។

បុរសដែលចងកធ្វើអត្តឃាត មានឈ្មោះមៀច រតនា អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធឈ្មោះឃឹម ណុប អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកប្តីប្រពន្ធគាត់ (ជនរងគ្រោះ) រស់នៅចុះសម្រុងនឹងគ្នាល្អណាស់ មិនធ្លាប់មានបញ្ហាល្អក់កករ ឬមានទំនាស់ទាស់ទែងខ្វែងគំនិតគ្នាអ្វីធំដុំដែរ ចំណែកបញ្ហាខាងក្រៅផ្ទះ មានបញ្ហាអ្វី ឬមានជម្លោះអ្វីជាមួយអ្នកណា ក៏ប្តីគាត់មិនធ្លាប់មានដែរ តែមិនដឹងយ៉ាងម៉េចនៅសុខៗ ប្តីរបស់គាត់បែរជាគិតខ្លីបែបនេះតែម្តង។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅថ្ងៃកើតហេតុ ប្តីរបស់គាត់ (ជនរងគ្រោះ) ចេះតែដើរទៅមុខទៅក្រោយ និងចេញចូលផ្ទះញឹកញាប់ ខុសសព្វដង។ លុះដល់វេលាម៉ោងប្រមាណ៤និង២០នាទីរសៀល ដោយមិនឃើញប្តី ទើបគាត់ជាប្រពន្ធ បានដើរទៅរកមើលប្តីនៅផ្ទះ លុះបើកទ្វារបន្ទប់ ស្រាប់តែឃើញប្តីរបស់គាត់ ចងកជាមួយខ្សែភ្លើងជាប់នឹងចំរឹងបង្អួចក្នុងបន្ទប់ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ឱ្យចុះមកពិនិត្យ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារជនរងគ្រោះ ចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន ប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
