ខេត្តបន្ទាយមានជ័យ ៖ ជារឿងដ៏គួរសោកសង្រេងជាទីបំផុត សម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលស្ត្រីជាប្រពន្ធទើបនឹងសម្រាលកូនថ្មីៗ ដល់ថ្ងៃឈប់អាំងភ្លើង ក៏គ្រោងរៀបចំពិធីទម្លាក់ចង្ក្រានកូនតាមទំនៀមទម្លាប់ ទើបបុរសជាប្តីបានជិះម៉ូតូទៅទាញក្បាលជ្រូកតាំងពីព្រលឹម ដើម្បីយកមកបម្រុងទុករៀបចំពិធី ដឹងអី! បែរជាជួបគ្រោះអកុសល ជ្រុលទៅបុកពីក្រោយគោយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាប្រពន្ធក្លាយជាស្ត្រីមេម៉ាយ ចំណែកកូនស្រីត្រូវកំព្រាឪពុក បន្ទាប់ពីបានឃើញពន្លឺថ្ងៃមិនទាន់ដល់១សប្តាហ៍ផង។

បុរសរងគ្រោះដែលជិះម៉ូតូទៅទិញក្បាលជ្រូក មកធ្វើពិធីទម្លាក់ចង្ក្រានកូន បែរជាជួបគ្រោះអកុសល បុកគូទគោយន្តស្លាប់ មានឈ្មោះឡុក ប៉ោល អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះធីរ៉ា និងមានកូនស្រីម្នាក់ ទើបនឹងសម្រាលបាន៥ថ្ងៃ។ ក្រុមគ្រួសារខាងលើនេះ មានលំនៅក្នុងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹលថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយបុរសម្នាក់បានជិះម៉ូតូបំណងទៅទិញ ក្បាលជ្រូកមកធ្វើពិធីទម្លាក់ចង្ក្រានកូន ស្រាប់តែជួបគ្រោះអកុសល ជ្រុលទៅបុកពីក្រោយគោយន្ត បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូសំដៅចូលក្រុងសិរីសោភ័ណ ដើម្បីទិញក្បាលជ្រូក និងនំប៉័ងទម្លាក់ចង្ក្រានកូន ពេលជិៈដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង៕