ភ្នំពេញ ៖ នារីរូបស្រស់ជាជនជាតិចិន ចំនួន២នាក់ បានអះអាងថា ត្រូវជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នាង ក៏ត្រូវនាងបើករថយន្តប្រដេញតាម រួចក៏បំបុកផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យជនសង្ស័យទាំង២នាក់ ដេកដួលស្តូកស្តឹងសល់តែដង្ហើមចង្រិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងនឹងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

នារីជនជាចិន រូបស្រស់ទាំង២នាក់ ដែលបើករថយន្តបំបុកបុរស២នាក់ ផ្ទប់របងផ្ទះប្រជាពលរដ្ឋប៊ិះស្លាប់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា អ្នកទាំង២ បើករថយន្ត១គ្រឿង ម៉ាក Lexus RX-300

ពណ៌ស ពាក់ស្លាកលេខ 2AN-9745។ ចំណែកជនសង្ស័យទាំង២នាក់ ក៏មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា អ្នកទាំងពីរជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-7241។

តាមសម្តីនារីចិនទាំង២នាក់ ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចតាមរយៈអ្នកបកប្រែភាសាចិនម្នាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គឺជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ពួកនាងពីក្នុងរថយន្ត ខណៈដែលពួកនាងកំពុងឈប់រថយន្តអែបចិញ្ចើមផ្លូវលេខ៤៦០ ពេលភ្លាមនោះ នាងក៏បានបើករថយន្តដេញតាមដែរ តែតាមមិនទាន់។

នារីចិនដដែល បន្តថា ខណៈដែលទូរស័ព្ទដៃនាងមានភ្ជាប់ប្រព័ន្ធ GPS ផងនោះ ទើបនាងបានឆែកមើលឃើញ ហើយក៏បើករថយន្តរកមើលតាមសញ្ញា Locations និងប្រព័ន្ធ GPS ដែលលោតបង្ហាញតាមផ្លូវរហូតមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវ៤៥៤ កែងផ្លូវ១២៣ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់នោះ កំពុងព្យាយាមជិះម៉ូតូហុងដាស្កុបពី រត់គេចខ្លួន ទើបនាងសម្រេចបើករថយន្តបំបុកផ្ទប់នឹងជញ្ជាំងថ្មរបងផ្ទះគេពេញទំហឹង បណ្តាលឱ្យជនជាប់សង្ស័យទាំង២នាក់រងរបួសធ្ងន់ ដោយម្នាក់នៅសល់ដង្ហើមចង្រិត ក្អួតឈាមពេញខ្លួនទៀតផង និងម្នាក់ទៀត សន្លប់ស្តូកផ្កាប់មុខនៅហ្នឹងកន្លែងតែម្តង ហើយក៏ឃើញទូរស័ព្ទរបស់នាងនៅក្បែរជនសង្ស័យនោះដែរ ទើបគាត់រើសយកមកវិញ និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរមកចោមរោមមើលតែម្តង។

ក្រោយកើតហេតុ ជនជាប់សង្ស័យទាំង២នាក់ ដោយសារតែរងរបួសធ្ងន់ពេក ទើបត្រូវបានដឹកតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន យកទៅសង្គ្រោះបន្ទាន់ បន្តបន្ទាប់គ្នាសិន មុននឹងសួរនាំចាត់ការតាមច្បាប់។

យ៉ាងណា មហាជនមួយចំនួនក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ ពិសេស លោកស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស៊ើបអង្កេតករណីខាងលើនេះឱ្យបានច្បាស់លាស់ ថាតើរឿងរ៉ាវកើតឡើងពិតដូចពាក្យសម្តីនារីជនជាតិចិនទាំង២នាក់ ឬក៏អត់? ដើម្បីជាការផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង៕