ខេត្តពោធិ៍សាត់ ៖ បុរសជាពោះម៉ាយវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយព្យាបាលមិនជា បែរជាផឹកស្រាស្រវឹងអួទីនួជា រៀងរាល់ថ្ងៃ រហូតដល់គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងលែងបាន ចេះតែរវើរវាយ រត់ផងស្រែកផងថា មានគេដេញចាប់ តាមធ្វើបាប រួចក៏រត់ចេញពីផ្ទះបាត់ ស្រាប់តែក្រោយមក ក៏ត្រូវបានកូនប្រុសប្រទះឃើញចងកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរោងគោ។
ហេតុការណ៍បុរសស្រវឹងស្រាចេះតែស្រែកថា គេដេញចាប់ រួចរត់ទៅសម្ងំចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រោលគោក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះសុខ ប៉ិន អាយុ៥៦ មានប្រពន្ធឈ្មោះភិន សាត (ស្លាប់) និងមានកូនចំនួន៣នាក់ ក្នុងបន្ទុក (ប្រុស២ ស្រី១) និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាក្រហម ក្រឡាការ៉ូពណ៌ស ចងកភ្ជាប់នឹងមេដំបូលរោងគោ បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
