ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបចំនួន២នាក់ បានកើតមានជម្លោះតឹងសរសៃកដាក់គ្នា ពីរឿងដណ្តើមម៉ូយ និងកាងចំណតផ្តាច់មុខរៀងខ្លួន រហូតឈានដល់អំពើហិង្សា ដោយភាគីម្ខាងបានស្ទុះទៅទះកំផ្លៀងគូទំនាស់ ចំនួន៣ដៃ លុះភាគីម្ខាងទៀតទប់កំហឹងមិនបាន ក៏ទាញមួកការពារសុវត្ថិភាពមកវាយសំពងសងវិញ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន។
ហេតុការណ៍អំពើហិង្សា រវាងអ្នករត់ម៉ូតូឌុបដូចគ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ជាប់របងសាលាបឋមសិក្សាទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ខឬស្សីកែវ។

ភាគីជំលោះទី១ មានឈ្មោះស៊ុន ធី អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ។ ចំណែកភាគីជំលោះទី២ មានឈ្មោះយ៉េង យ៉ាន អាយុ៣៦ឆ្នាំ មុខរបរត់ម៉ូតូឌុបដូចគ្នា ស្នាក់នៅម្តុំកន្លែងវាយកូនហ្គោល សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ (របួសក្បាលដេរ៧ថ្នេរ) និងមានបក្ខពួកម្នាក់ទៀត មិនស្គាល់ឈ្មោះ ហើយក៏គ្មានរបួសដែរ។
តាមសម្តីបុរសឈ្មោះយ៉េង យ៉ាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងឈ្មោះស៊ុន ធី បានទាស់សម្តីគ្នា ដោយសារតែឈ្មោះស៊ុន ធី និយាយមិនចេះស្តាប់គ្នា រឿងចតម៉ូតូនៅខាងលិចពួកគាត់ ដែលនៅជាប់របងសាលាបឋមសិក្សាទួលសង្កែ ព្រោះថាកន្លែងនេះ គឺជាចំណតរបស់ពួកគាត់ ហេតុនេះមិនចង់ឱ្យអ្នកផ្សេងមកចតទៀតទេ ណាមួយឈ្មោះស៊ុន ធី ទើបតែមករត់ឌុបថ្មីៗនេះទេ ហើយកន្លងមក គ្នារបស់គាត់ធ្លាប់បានទៅហាមកុំឱ្យចតដែរ តែឈ្មោះស៊ុន ធី មិនព្រមស្តាប់គ្នាសោះ ទៅបន្តចតដដែល ទើបធ្វើឱ្យកើតជាទំនាស់ពាក្យសម្តី ឈានដល់អំពើហិង្សា វាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសបែបនេះតែម្តង។
ប្រភពដដែលបន្តថា នៅពេលមានជម្លោះនោះ ដោយសារតែគាត់ខឹងពេក ទ្រាំមិនបានក៏បានស្ទុះទះកំភ្លៀងទៅលើឈ្មោះស៊ុន ធី ១ដៃ ហើយក៏ត្រូវគេសងវិញ១មួកសុវត្ថិភាព រយះក្បាលដេរអស់៧ថ្នេរតែម្តង។

ចំណែកឯភាគីជំលោះឈ្មោះស៊ុន ធី បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះយ៉េង យ៉ាន បានក្តាប់កូនសោម៉ូតូវាយមុខ និងក្បាលរបស់គាត់ ចំនួន៣ដៃ និងមានគ្នាគេម្នាក់ទៀតជួយវាយមកលើគាត់ទៀត ទើបធ្វើឱ្យគាត់ទ្រាំមិនបានទាញមួកសុវត្ថិភាពវាយតបវិញចំក្បាលទៅ។ ហើយបើកុំតែមានអ្នកនៅក្បែរនោះជួយឃាត់ កុំអីប្រហែលជាគាត់ ត្រូវឈ្មោះយ៉េង យ៉ាន និងបក្ខពួកព្រួតវាយទ្រមខ្លួនហើយ។
ទោះជាយ៉ាងណា ក្រោយពេលកើតហេតុភាគីទាំងសងខាងហាក់ដឹងថា ការប្រើអំអើហិង្សាដាក់គ្នាវាយគ្នាទៅវិញទៅមកជារឿងខុស ទើបមានការភ្ញាក់រលឹកសុំសម្របសម្រួលគ្នា និងសុំឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ជួយធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាដាក់គ្នាទៅវិញទៅមកតទៅទៀត និងឈប់វែងឆ្ងាយសុំបញ្ចប់រឿងត្រឹមហ្នឹង៕