ខេត្តតាកែវ ៖ បុរសជាជាងធ្វើផ្ទះម្នាក់ បានឡើងទៅប្រក់ដំបូលផ្ទះ លុះពេលកាន់ម៉ូទ័រកាត់ឈើ ដោយខ្វះការប្រុងប្រយ័ត្ន ប៉ះចំមុខតំណ ក៏បណ្តាលឱ្យឆ្លងចរន្តឆក់ធ្លាក់ចុះពីលើដំបូលផ្ទះ រងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះទើបសាងសង់មួយកន្លែង ស្ថិតក្នុងភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូលផ្ទះស្លាប់ មានឈ្មោះហ៊ឺ វណ្ណា អាយុ៦០ឆ្នាំ មុខរបរជាងធ្វើផ្ទះ មានលំនៅក្នុងភូមិព្រៃរបង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ រួមនឹងក្រុមការងារ បានមកស៊ីឈ្នួលសាងសង់ផ្ទះឱ្យគេនៅចំណុចកើតហេតុខាងលើមួយរយៈមកហើយ ដោយសង់ផ្ទះប្រភេទឈើលើថ្មក្រោម ដំបូលប្រង់ស៊ីប្រូស៊ីម៉ង់ត៍ និងសាងសង់បានប្រមាណជាង៥០ភាគរយទៅហើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅប្រក់ដំបូលផ្ទះខាងលើ ជាមួយនឹងជាងផ្សេងទៀត លុះពេលកំពុងបំពេញការងារ ជនរងគ្រោះបានកាន់ម៉ូទ័រកាត់ឈើ ប៉ះចំមុខតំណខ្សែភ្លើង ក៏ធ្វើឱ្យឆ្លងចរន្តឆក់ជនរងគ្រោះធ្លាក់ពីលើដំបូលផ្ទះ ដែលមានកម្ពស់ប្រមាណជាង៤ម៉ែត្រ ចុះដល់ដី បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។
សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកកាន់លំនៅដ្ឋានវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ។

ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែគ្រោះថ្នាក់ពេលបំពេញការងារប្រាកដមែន ដោយជនរងគ្រោះបានឡើងប្រក់ដំបូលផ្ទះ រួចត្រូវខ្សែភ្លើងឆក់ធ្លាក់ដីស្លាប់ប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕