Sunday, November 9, 2025
Homeព័ត៌មានជាតិខ្លាចប្រពន្ធស្តីបន្ទោស លោតពីលើកាសុីណូជាន់ទី១៥

ខ្លាចប្រពន្ធស្តីបន្ទោស លោតពីលើកាសុីណូជាន់ទី១៥

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែលង់ខ្លួនចាញ់ល្បែងគ្មានសល់ បោសគូទខោ មិនហ៊ានត្រឡប់ទៅផ្ទះវិញជួបមុខប្រពន្ធ ខ្លាចត្រូវប្រពន្ធស្តីបន្ទោស ក៏សម្រេចចិត្តគិតខ្លី លោតសម្លាប់ខ្លួនពីលើអគារកាស៊ីណូ កម្ពស់១៥ជាន់ បណ្តាលឱ្យធ្លាក់ដី បាក់ដៃជើង ឆ្អឹងឆ្អែង ខ្ទេចគ្មានសល់ ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីបុរសចំណាស់លោតសម្លាប់ខ្លួនពីជាន់ទី១៥នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនកាស៊ីណូហ្គីនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសគំនិតខ្លីដែលលង់ខ្លួននឹងល្បែងដល់អស់ពីខ្លួន រហូតដល់ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយលោតពីលើអគារកម្ពស់១៥ជាន់នេះ មានឈ្មោះប៊ុនយ៉ារីត ផសត់ថាវីសាធៀង អាយុ៥៨ឆ្នាំ ជាជនជាតិថៃ មានលំនៅក្នុងខេត្តអាធុយ្យា ប្រទេសថៃ មានប្រពន្ធឈ្មោះឃុលរីយ៉ា ឈុំឆើត ឆាយ អាយុ៦៥ឆ្នាំ ជាជនជាតិថៃ សព្វថ្ងៃមកស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ លោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យមានការចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ឃើញថា ផ្នែកក្បាលសាកសព បានបែកត្រង់ថ្ងាស់រះពេញផ្ទៃមុខ ផ្នែកដងខ្លួនឆ្អឹងជំនីផុងស្រុតទាំងស្រុង  ចំណែកអវយវៈដៃខាងឆ្វេងបាក់២កំណាត់។

យោងតាមលទ្ធផលកោសល្យវិច័យ និងយោងតាមការត្រួតពិនិត្យកាមេរ៉ា ក្រោមការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង សុក កែវបណ្ឌិត លទ្ធផលឃើញថា ជនរងគ្រោះពិតជាបានលោតសម្លាប់ខ្លួនពីអគារកាស៊ីណូជាន់ទី១៥ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធ រៀបចំដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES