Sunday, November 9, 2025
Homeព័ត៌មានជាតិដល់ផ្លូវ​ចូលផ្ទះទៅហើយ រអិលជើងធ្លាក់ចូលទឹកស្លាប់តែំម្តង

ដល់ផ្លូវ​ចូលផ្ទះទៅហើយ រអិលជើងធ្លាក់ចូលទឹកស្លាប់តែំម្តង

ខេត្តព្រៃវែង ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះក្រោយពីស្រវឹងទោទន់ ដើរត្រឡប់ទៅផ្ទះវិញ ដល់ផ្លូវចូលផ្ទះដែលត្រូវទឹកជន់លិច ក៏ស្រាប់តែរអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលផ្ទះ (ទឹកលិច) ចំងាយ៣០ម៉ែត្រ ពីផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឈ្នះជ័យលើ ឃុំរាធរ ស្រុកព្រះស្តេច។

បុរសរងគ្រោះដែលដើរដួលចូលទឹក បណ្តាលឱ្យលង់ស្លាប់ មានឈ្មោះឃុត រៀម អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សប្រមឹក តែងដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតពេលខ្លះផឹកស្រាអត់ព្រមហូបបាយទឹកទៀតផង។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញទៅផឹកស្រាដូចសព្វដង រហូតដល់ស្រវឹងជោកជាំ ក៏ដើរត្រឡប់មកផ្ទះវិញ លុះមកដល់ផ្លូវចូលផ្ទះ ដែលត្រូវទឹកជន់លិចចម្ងាយប្រមាណ៣០ម៉ែត្រពីផ្ទះ ជនរងគ្រោះក៏បានដើរលុយទឹកចូលផ្ទះ ប៉ុន្តែដោយសារតែស្រវឹងជោកជាំខ្លាំងពេក ទប់ខ្លួនមិនជាប់ ទើបបណ្តាលឱ្យរអិលជើងដួលផ្កាប់មុខចូលទឹកក្រោកមិនរួច ក៏បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

បន្ទាប់ពីបាត់ជនរងគ្រោះយូរពេកមិនឃើញត្រឡប់មកផ្ទះ ទើបកូនចៅបាននាំគ្នាដើរចេញតាមរក ស្រាប់តែប្រទះឃើញជនរងគ្រោះបានលង់ទឹកស្លាប់នៅផ្លូវចូលផ្ទះបាត់ទៅហើយ ទើបនាំគ្នាស្រង់សាកសពឡើងមកលើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES