Sunday, November 9, 2025
Homeព័ត៌មានជាតិរំលោភកូនស្រីគេ ទណ្ឌិតបេះដូងរីកឈឺធ្ងន់ក្នុងគុក ស្លាប់នៅមន្ទីរពេទ្យ

រំលោភកូនស្រីគេ ទណ្ឌិតបេះដូងរីកឈឺធ្ងន់ក្នុងគុក ស្លាប់នៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ ទណ្ឌិតមួយរូប ដែលជាប់ពន្ធនាគារពីបទរំលោភសេពសន្ថវៈ បានធ្លាក់ខ្លួនឈឺធ្ងន់ (ជំងឺបេះដូងរីក) លុះស្ថានភាពកាន់តែធ្ងន់ធ្ងរ ក៏ត្រូវមន្ត្រីអនុរក្សពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសល ក្រោយពីសម្រាកព្យាបាលបាន១យប់ ក៏ដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។

ករណីទណ្ឌិតរំលោភកូនស្រីគេ ឈឺធ្ងន់ក្នុងគុក លុះបញ្ជូនទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ បាន១យប់ ក៏ដាច់ខ្យល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

សពទណ្ឌិតដែលស្លាប់ក្នុងមន្ទីរពេទ្យ មានឈ្មោះប្រាក់ សេងអៀម ភេទប្រុស ឆ្នាំកំណើត១៩៨៧ មានលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ទណ្ឌិតរូបនេះ បានជាប់ពន្ធនាគារពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស។

តាមប្រភពពីមន្ត្រីអនុរក្សពន្ធនាគារ ដែលបានបញ្ជូនទណ្ឌិតខាងលើចូលមន្ទីរពេទ្យ និងបានមកប្រចាំការនៅមន្ទីរពេទ្យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ អង្គភាពពន្ធនាគារខេត្ត បានសម្រេចបញ្ជូនទណ្ឌិតឈ្មោះប្រាក់ សេងអៀម មកកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីព្យាបាលជម្ងឺប្រចាំកាយ (បេះដូងរីក)។ លុះមកដល់មន្ទីរពេទ្យ ក៏ត្រូវបានក្រុមគ្រូពេទ្យជួយខ្នះខ្នែងសង្គ្រោះដែរ តែអកុសល ដោយសារតែស្ថានភាពរបស់ទណ្ឌិតរូបនេះ មានសភាពធ្ងន់ធ្ងរពេក ទើបនៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ទណ្ឌិតរូបនេះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងបន្ទប់នៃមន្ទីរពេទ្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ថា ជាស្លាកស្នាមធ្វើទារុណកម្មឡើយ។ តាមការសន្ឋិដ្ឋានពីលោកគ្រូពេទ្យប្រចាំការ ឈ្មោះទេព សីហារដ្ឋ បានបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់ទណ្ឌិតឈ្មោះប្រាក់ សេងអៀម គឺបណ្តាលមកពីជំងឺបេះដូងរីក និងខ្សោយតម្រងនោម។

សាកសពទណ្ឌិតខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពែណី៕

RELATED ARTICLES