Sunday, November 9, 2025
Homeព័ត៌មានជាតិ១ឆ្នាំទៅហើយ ទើបដឹងថា ប្តីល្មោភកាម រំលោភកូនស្រីបង្កើតខ្លួនឯង

១ឆ្នាំទៅហើយ ទើបដឹងថា ប្តីល្មោភកាម រំលោភកូនស្រីបង្កើតខ្លួនឯង

ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់ ហេតុតែបណ្តោយឱ្យតណ្ហាដឹកមុខ លែងស្គាល់ខុសត្រូវ ក៏ធ្វើសកម្មភាពចាប់បង្ខំរំលោភកូនស្រីបង្កើតរបស់ខ្លួន អស់រយៈពេលជាង១ឆ្នាំមកហើយ ដោយគំរាមថា ប្រសិនបើហ៊ានធ្វើឱ្យរឿងរ៉ាវបែកធ្លាយនឹងសម្លាប់ចោលភ្លាម ទើបកូនស្រីភ័យខ្លាចចេះតែលាក់បាំងរហូតមក ស្រាប់តែកូនស្រីចាប់ផ្តើមបាត់រដូវ៣ខែ ភ័យខ្លួនប្រាប់ម៉ែឱ្យជួយ ទើបដឹងកំពុងមានផ្ទៃពោះ៥ខែ លុះម៉ែសួរនាំ ទើបបែកធ្លាយរឿងឪពុកបង្កើតចាប់រំលោភ ជាង១ឆ្នាំ ក៏ត្រូវស្ត្រីជាប្រពន្ធខឹងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកប្តីល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រី រហូតមានផ្ទៃពោះ៥ខែនេះ បានកើតឡើងតាំងពីអំឡុងខែកក្កដា ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចលើទូកខាងកើតព្រែកជីក ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង និងចេះតែបន្តសកម្មភាពរំលោភកូនស្រីជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ កូនស្រីចាប់ផ្តើមមានផ្ទៃពោះ ទើបបែកធ្លាយរឿងរ៉ាវ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រយៈពេលជាង១ឆ្នាំ រហូតពពោះ៥ខែ មានឈ្មោះផាត់ តឿ អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះម.ល ទើបនឹងអាយុ១២ឆ្នាំប៉ុណ្ណោះ មុខរបរស៊ីឈ្នួលប៉ាក់ស្បៃ ស្នាក់នៅជាមួយក្រុមគ្រួសារ ក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចក៏បានកោះហៅជនសង្ស័យជាឪពុកក្មេងស្រីរងគ្រោះ មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីអស់រយៈពេល១ឆ្នាំ ដូចអ្វីដែលកូនស្រីប្តឹងចោទប្រកាន់ពិតមែន ហើយពេលរំលោភកូនស្រីរួចម្តងៗ ខ្លួនតែគំរាមថា បើនាងហ៊ានធ្វើឱ្យបែករឿងនេះ ខ្លួននឹងសម្លាប់នាងចោល ទើបកូនស្រីភ័យខ្លាចចេះតែលាក់បាំងរហូតមក ទីបំផុត នាងចាប់ផ្តើមមានផ្ទៃពោះ លាក់បាំងលែងជិត ក៏ទម្លាយប្រាប់ម្តាយគ្មានសល់ និងឈានដល់ការចាប់ខ្លួនរូបគេតែម្តង។

ជនសង្ស័យល្មោភកាមដែលរំលោភកូនស្រី រហូតមានផ្ទៃពោះ៥ខែខាងលើនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES