ភ្នំពេញ ៖ សាកសពអតីតថៅកែសណ្ឋាគារឆាយ ហុង ត្រូវបានប្រទះឃើញហើយនៅព្រឹកនេះ បន្ទាប់ពីបានបាត់ខ្លួន៤ថ្ងៃ ហើយពេលនេះក្រុមគ្រួសារបានដឹកសពទៅធ្វើបុណ្យនៅវត្តបាក់ខែង ហើយ។

គួរបញ្ជាក់ថា បុរសម្នាក់ដែលត្រូវគេស្គាល់ថា ជាអតីតថៅកែសណ្ឋាគារឆាយ ហុង ទើបនឹងទិញម៉ូតូទឹកថ្មីសន្លាង ក្នុងតម្លៃជិត២ម៉ឺនដុល្លារ រួចក៏បើកសាកល្បងតាមដងទន្លេមេគង្គ ស្រាប់តែអកុសល មិនដឹងជាមានបញ្ហាអ្វី ក៏ធ្លាក់ចូលទឹកបាត់ខ្លួន សល់តែម៉ូតូទឹកអណ្តែតមកមាត់ច្រាំង ទើបមានការផ្អើលឆោឡោ ដល់ក្រុមគ្រួសារប្តឹងសមត្ថកិច្ច្ច និងជួលអ្នកមុជទឹកឱ្យរាវរក អស់រយៈពេល២ថ្ងៃទៅហើយ នៅមិនទាន់រកសាកសពឃើញនៅឡើយ។
ហេតុការណ៍បុរសរងគ្រោះបើកម៉ូតូទឹកលេងតាមដងទន្លេ បែរជាជួបគ្រោះអកុសលធ្លាក់ទឹក រកសពមិនឃើញនេះ បានកើតមានការ ភ្ញាក់ផ្អើលឡើង តាំងពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដងទន្លេមេគង្គ ស្ថិតក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ហើយរហូតមកដល់រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រួសារនៅមិនទាន់រកសាកសពជនរងគ្រោះឃើញនៅឡើយ។

ជនរងគ្រោះដែលគេអះអាងថា បានធ្លាក់ទឹកស្លាប់នោះ មានឈ្មោះហុក ប៊ុនហ៊ុយ ហៅតាហ៊ុយ មានអាយុប្រមាណជិត៥០ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយ ហុង បច្ចុប្បន្នជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអតីតថៅកែសណ្ឋាគាររូបនេះ ទើបនឹងទិញម៉ូតូទឹកថ្មីសន្លាងមួយគ្រឿង ដែលមានតម្លៃដល់ទៅជិត២ម៉ឺនដុល្លារឯណោះ។ បន្ទាប់មក នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានបើកសាកល្បងម៉ូតូទឹកទើបទិញថ្មី ដោយបានបើកម៉ូតូទឹកតាមដងទន្លេមេគង្គ ក្រោយមក មិនដឹងជាមានឧបសគ្គអ្វី ក៏ស្រាប់តែជនរងគ្រោះបានធ្លាក់ចុះពីម៉ូតូទឹក ចូលទឹកទន្លេបាត់ខ្លួនតែម្តង ដោយបន្សល់ទុកតែម៉ូតូទឹកអណ្តែតតាមទឹកចូលមាត់ច្រាំងទន្លេ ក៏ត្រូវប្រជាពលរដ្ឋរស់នៅក្បែរនោះ ប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ និងយកម៉ូតូទឹកនោះទៅរក្សាទុក ដើម្បីស្រាវជ្រាវ។ លុះក្រោយមក ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារអះអាងថា ម៉ូតូទឹកនេះ គឺជារបស់អតីតថៅកែសណ្ឋាគារឆាយ ហុង ដែលទើបនឹងទិញ រួចបើកសាកល្បងតាមដងទន្លេ។ បន្ទាប់មក ក្រុមគ្រួសារក៏បានជួលទូក និងអ្នកមុជទឹក ដើម្បីឱ្យចុះជួយរាវរកសាកសពជនរងគ្រោះដែរ តែរកពុំឃើញសោះ៕