ខេត្តព្រៃវែង ៖ បុរសមួយក្រុម បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះស្រវឹងធ្លាក់ភ្នែក បុរស២នាក់ ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីតឹងសរសៃក រហូតឈានដល់ការប្រតាយប្រតប់គ្នា តែត្រូវម្ចាស់ផ្ទះឃាត់បំបែកចេញពីគ្នាវិញ រួចក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ស្រាប់តែភាគីម្ខាងនៅមិនទាន់រលត់កំហឹង ក៏ទៅយកកាំបិតចិតបន្លែ មកស្ទាក់ចាក់ប្រហារគូទំនាស់១កាំបិត បណ្តាលឱ្យធ្លាយដើមទ្រូងស្លាប់យ៉ាងអាណោចអាធ័មនៅលើចិញ្ចើមផ្លូវ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានភ្លាមៗដែរ។

ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច។

ជនដៃដល់ជាឃាតករ ដែលចាក់ប្រហារគូទំនាស់ស្លាប់ មានឈ្មោះផៃ ឆាយ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះទូច ពេជ្រ អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ក្រោយកើតហេតុ ជនដៃដល់បានព្យាយាមរត់គេចខ្លួនដែរ តែត្រូវក្រុមគ្រួសារជនរងគ្រោះរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ជាឃាតករបានភ្លាមៗ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ឈ្មោះផៃ ឆាយ បានឆ្លើយសារភាពថា រូបគេពិតជាបានចាក់ប្រហារជនរងគ្រោះឈ្មោះទូច ពេជ្រ បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងរឿងទាស់សម្តីជាមួយជនរងគ្រោះនៅក្នុងវង់ផឹក ទើបរូបគេបានទៅយកកាំបិតពីផ្ទះ ស្ទាក់ចាក់ជនរងគ្រោះបណ្តាលឱ្យស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា ជនរងគ្រោះត្រូវជនដៃដល់ចាក់ប្រហារ ១កាំបិត ចំលើដើមទ្រូងផ្នែកខាងឆ្វេង មុតយ៉ាងជ្រៅ ទើបបណ្តាលឱ្យស្លាប់។

ជនដៃដល់រូបនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី។

ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕