ភ្នំពេញ ៖ បុរសជាជនជាតិម៉ាឡេស៊ីម្នាក់ រួមនឹងបក្ខពួក២នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនចងការប្រាក់ បាននាំគ្នាដើរទារលុយពីកូនបំណុលរបស់ខ្លួន លុះទៅដល់ទារលុយមិនបាន កើតជាទំនាស់ពាក្យសម្តី និងឈានដល់ផ្ទុះហិង្សា ប្រតាយប្រតប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ខ្លួន បុរសជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរម្នាក់ នាំយកទៅសួរនាំ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវ៤៤០ កែងផ្លូវ១៦៣ ស្ថិតក្នុងភូមិ៣ ក្រុមទី១៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ ឈ្មោះ CHIA KARJUN ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះជួល លេខ៧៤ ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី២-ឈ្មោះពៅ ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ងាវ ស្នាក់នៅផ្ទះលេខ១៧២ ផ្លូវ 31BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ CHIA KARJUN ជាជនជាតិម៉ាឡេស៊ី បាននាំគ្នា២នាក់ ដើរទារលុយដែរគេជំពាក់លុយក្រុមហ៊ុនឥណទាន ស៊ុនលី ដែលជាប្តីឈ្មោះពៅ ចិន្តា ដែលបានខ្ចីពីក្រុមហ៊ុនឥណទាន ស៊ុន លី ចំនួន១១៣១ដុល្លារ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ដោយសន្យាសងឱ្យក្រុមហ៊ុនវិញក្នុងមួយថ្ងៃ ៣៩ដុល្លារ។ ពេលនោះឈ្មោះពៅ ចិន្តា បានសងទៅក្រុមហ៊ុនខាងលើបានចំនួន៤ថ្ងៃ (ទឹកប្រាក់ចំនួន១៥៦ដុល្លារ)។
ស្រាប់តែពេលនោះ ឈ្មោះពៅ ចិន្តា បានចេញមុខជំនួសប្តីថា មិនទាន់មានលុយសងទេ ចាំ៥ទៅ៦ថ្ងៃទៀតទៅ ពេលនោះភាគីជាតំណាងក្រុមហ៊ុនឥណទាន មិនព្រម ដោយប្រាប់ទៅឈ្មោះពៅ ចិន្តា ថាមាន៥ដុល្លារ ១០ដុល្លារក៏យកដែរ តែឈ្មោះពៅ ចិន្តា នៅតែមិនមានលុយសង ទើបកើតមានទំនាស់ពាក្យសម្តីគ្នា រហូតឈ្មោះស៊ុំ ស្រីហេង (ហៅស្រីម៉ៅ) ភេទស្រី ដែលត្រូវជាកូនរបស់ជនឈ្មោះពៅ ចិន្តា ស្ទុះមករុញភាគីខាងតំណាងក្រុមហ៊ុនឈ្មោះឈឹម សុចិន្តា ឱ្យចេញ ហើយក៏មានការរុញដាក់គ្នាទៅវិញទៅមក រហូតកើតមានការវាយប្រតាយប្រតប់គ្នា ទើបត្រូវអ្នកលក់ជិតខាងជួយឃាត់ផងដែរ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ក៏បាននាំភាគីទាំងសងខាងមកទីស្នាក់ការប៉ុស្តិ៍ទួលទំពូងទី១ ដើម្បីធ្វើការសាកសួរតែម្តង៕