ភ្នំពេញ ៖ សំណុំរឿងលោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) កើត ប៉ូលីន ដែលត្រូវបានស្ត្រីម្នាក់រស់នៅសហរដ្ឋអាមេរិក អះអាងថាបានបោកលុយចំនួន៣ម៉ឺនដុល្លារ និងថែមទាំងគំរាមសម្លាប់ រហូតឈានដល់ការដាក់ពាក្យបណ្តឹងនោះ ទីបំផុតលោកផ្កាយ៣ កើត ប៉ូលីន បានសុខចិត្តធ្វើ កិច្ចសន្យាសងប្រាក់មួយចំនួន ទៅកាន់ភាគីស្ត្រីជាដើមបណ្តឹង ដើម្បីបញ្ចប់បញ្ហា។
បើតាមប្រភពច្បាស់ការ បានឱ្យដឹងថា សំណុំរឿងលោកផ្កាយ៣ កើត ប៉ូលីន ជាមួយស្ត្រីអណិកជន ត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ ក្រោយពីលោកផ្កាយ៣ កើត ប៉ូលីន យល់ព្រមសុំទោសស្ត្រីរងគ្រោះ និងសងប្រាក់មុនចំនួន៨០០០ដុល្លារសិន នៅចំពោះមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ វិវាទរវាងលោកផ្កាយ៣ កើត ប៉ូលីន ជាមួយនឹងស្ត្រីអណិកជនឈ្មោះគឹម យូនងួន ត្រូវបានបញ្ចប់ក្រៅប្រព័ន្ធតុលាការ បន្ទាប់ពី ជនរងគ្រោះឈ្មោះ គឹម យូនងួន ព្រមដកពាក្យបណ្តឹង និងបញ្ចប់រឿងដោយសន្តិវិធី ស្មារតីយោគយល់រវាងខ្មែរ និងខ្មែរ។
ស្ត្រីអណិកជនដែលជាដើមបណ្តឹង បានបង្ហោះសារមួយតាមរយៈហ្វេសប៊ុក ឈ្មោះ Vanny Heng ថា “ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រលាញ់ នាងខ្ញុំសូមអគុណដល់បងប្អូនដែលបានជួយលើកទឹកចិត្តដល់នាងខ្ញុំ រឿងក្តីប្តឹងផ្តល់នោះ គាត់ (កើត ប៉ូលីន) បានចូលចរចាសម្រួលជាមួយខ្ញុំហើយ ហើយនាងខ្ញុំគិតថា បើចំណាយពេលយកឈ្នះចាញ់គ្នា អាចនឹងបាត់បង់អ្វីៗតទៅទៀត ទាំងពេលវេលាផងដែរ។ ដូចនេះទើបនាងខ្ញុំ សូមអធ្យាស្រ័យ ខំរកស៊ីធ្វើការបន្តទៅទៀត ដោយកំលាំងពិតៗរបស់ខ្ញុំ ហើយក៏ជាមេរៀនមួយសម្រាប់ខ្ញុំផងដែរ។ អគុណខ្ញុំស្រលាញ់បងប្អូនទាំងអស់គ្នា ដំណោះស្រាយគឺជាយុត្តិធម៌មួយដ៏ល្អសំរាប់ខ្ញុំ…”។
គួរបញ្ជាក់ថា ថ្មីៗនេះស្ត្រីជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ ឈ្មោះគឹម យូនងួន ស្នាក់នៅបូរីសូនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានចេញមុខទម្លាយរឿងរ៉ាវថា លោកផ្កាយ៣ កើត ប៉ូលីន បានបោកប្រាស់លុយរបស់គាត់ និងថែមទាំងគំរាមសម្លាប់គាត់ទៀតផង។ ក្រោយរឿងរ៉ាវបែកធ្លាយ និងឈានដល់ការដាក់ពាក្យបណ្តឹងផងនោះ ទីបំផុតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការ កោះហៅលោកផ្កាយ ៣រូបនេះ ទៅធ្វើការសាកសួរ និងសម្របសម្រួល រហូតឈានដល់ការស្រុះស្រួលគ្នា ដោយសន្តិវិធី និងក្រោមការយោគយល់ខ្ពស់។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក កើត ប៉ូលីន បាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕