ភ្នំពេញ ៖ នារីវ័យក្មេងជាជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវមេខ្យល់ម្នាក់បោកបញ្ឆោតឱ្យចេញទៅបម្រើការងារនៅឯប្រទេសអារ៉ាប់ ដោយលួងលោមថា ការងារស្រួល ទទួលបានប្រាក់ខែខ្ពស់ ដឹងអី ពេលទៅដល់ទើបដឹងថាចាញ់ល្បិចមេខ្យល់ ដោយត្រូវគេប្រើឱ្យធ្វើការហួសកម្លាំង លើសម៉ោង ទទួលបានប្រាក់ខែមិនគ្រប់ ពិសេសថែមទាំងត្រូវថៅកែប្រុសប៉ុនប៉ងចាប់រំលោភជាច្រើនលើកច្រើនសារទៀតផង ទីបំផុតក៏ត្រូវបានលោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ ជួយនារីរងគ្រោះឱ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីនារីរងគ្រោះរស់រងទុក្ខនៅស្រុកគេអស់រយៈពេលជិត២ឆ្នាំ។
ដល់ពលការិនីខ្មែរម្នាក់ទៀតហើយ ដែលចាញ់បោកមេខ្យល់ម្នាក់ មិនមានក្រុមហ៊ុនច្បាស់លាស់ឈ្មោះ ជីប ណូស្នី នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៅធ្វើការខុសច្បាប់នៅប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេលជិត២ឆ្នាំ។
នារីរងគ្រោះដែលចាញ់បោកមេខ្យល់ចេញទៅបម្រើការនៅប្រទេសអារ៉ាប់ រហូតត្រូវថៅកែប្រុសប៉ុនប៉ងចាប់រំលោភ មានឈ្មោះលី សំរ៉ោះ អាយុ២២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានស្រុកកំណើតនៅភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាកូនច្បង ក្នុងចំណោមបងប្អូន៧នាក់ ដែលជាគ្រួសារកសិករ មានជីវភាពក្រលំបាក បានសម្រេចចិត្តទៅធ្វើការជាស្ត្រីបម្រើការងារផ្ទះ នៅអារ៉ាប៊ីសាអូឌីត តាមរយៈមេខ្យល់ខុសច្បាប់មិនមានក្រុមហ៊ុន និងអាជ្ញាប័ណ្ណបញ្ជូនពលករ បានបញ្ជូននាងទៅធ្វើការកាលពីខែមិថុនា ឆ្នាំ២០១៧។ ចំណែកមេខ្យល់ មានឈ្មោះ ជីប ណូស្នី មានលំនៅក្នុងភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមសម្តីនារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា រយៈពេលប្រមាណជាង១៤ខែ ដែលនាងស្នាក់នៅបម្រើការងារនៅអារ៉ាប៊ីសាអូឌីត គឺភាគីមេខ្យល់ដែលបញ្ជូននាងទៅដោយខុសច្បាប់នោះ បានទាក់ទងនិយាយគ្នាបានម្តងគត់ តែក្រោយមកក៏បាត់សូន្យឈឹង លែងទាក់ទងបាន ខណៈដែលនាងបានបន្តបម្រើការងារទាំងលំបាកវេទនា ត្រូវបានម្ចាស់ផ្ទះប្រើឱ្យធ្វើការហួសកម្លាំង និងលើសម៉ោងរហូត។
នារីរងគ្រោះបន្ថែមថា ទោះយ៉ាងណាបញ្ហារំលោភលើកម្លាំងពលកម្ម មិនសូវចោទជាបញ្ហាធំនោះទេ អ្វីដែលជាឧបសគ្គធំធេងបំផុត ដែលជាមូលហេតុ ធ្វើឱ្យនាងរកវិធីចាកចេញពីផ្ទះដែលធ្វើការ ក៏ដូចជារកអ្នកជួយផ្តល់អន្តរាគមន៍ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ គឺដោយសារតែថៅកែប្រុស ជាភាគីម្ចាស់ផ្ទះដែលខ្លួននៅបម្រើការងារនោះ ក្រៅពីរំលោភលើកម្លាំងពលកម្មធ្វើការហួសកំណត់ហើយ គឺតែងតែមកឆាឆៅក្នុងគោលបំណងរំលោភលើខ្លួនប្រាណរបស់នាងជាច្រើនលើកច្រើនសារថែមទៀតផង ដែលទង្វើនេះតែងតែបង្កការភ័យខ្លាចដល់រូបនាងជារៀងរាល់ថ្ងៃ។
ឆ្លើយតបនឹងការប្រកាសស្វែងរកការជួយអន្តរាគមន៍ ពីសំណាក់នារីរងគ្រោះខាងលើ លោកអូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងនាមជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលភារកិច្ចពីសម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់ ក្នុងការទទួលបន្ទុកដោះស្រាយរាល់បញ្ហានានា ទាក់ទងនឹងវិស័យពលកម្មការងារ និងបញ្ហាផ្សេងៗនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា លោកក៏បានចាត់ចែងដោះស្រាយជាបន្ទាន់ ដោយធ្វើការទំនាក់ទំនងជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ដើម្បីផ្តល់បទអន្តរាគមន៍សម្រួលឱ្យនារីរងគ្រោះខាងលើនេះ បានចាកចេញពីម្ចាស់ផ្ទះជនជាតិអារ៉ាប់ ដែលខ្លួនកំពុងបម្រើការងារ ទៅរកមណ្ឌលគាំពារស្ត្រីរងគ្រោះអារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាព និងបានត្រឡប់មកកាន់កម្ពុជាវិញដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨៕