ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែមានគំនិតខ្លី ឡើងទៅចងកនៅលើដើមឈើសម្លាប់ខ្លួន ទាំងឈុតដេកយប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ មានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅលើដើមឈើក្បែរចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ ខាងកើតមន្ទីរពេទ្យព្រះកេតុមាលា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពស្ត្រីខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៥០ឆ្នាំ ស្លៀកសំលៀកបំពាក់ ខោអាវឈុតដេកយប់ ហើយនៅក្រោមដើមឈើដែលស្ត្រីរងគ្រោះឡើងទៅចងក គេឃើញមានស្បែកជើងមួយគូពណ៌ខ្មៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានចោលភ្នែកមើលទៅលើដើមឈើ ក៏ប្រទះឃើញសាកសពចងក ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ស្រែកហៅអ្នករស់នៅក្បែរនោះឱ្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង៕