ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្នុងចំណោមគ្នីគ្នា៥នាក់ ដែលជាអ្នកប្រកបរបរស៊ីឈ្នួលកាប់ឆ្ការចម្ការឱ្យគេ បាននាំគ្នាចូលទៅកាប់ចម្ការ នៅចំណុចក្បែរច្រកព្រំដែន ស្រាប់តែអកុសល ពេលកំពុងកាប់ឆ្ការសុខៗ បុរសរងគ្រោះក៏ដើរជាន់គ្រាប់មីន១គ្រាប់ បណ្តាលឱ្យផ្ទុះកក្រើក និងបង្កឱ្យជនរងគ្រោះដាច់ជើងម្ខាងរងរបួសយ៉ាងធ្ងន់។
ហេតុការណ៍បុរសស៊ីឈ្នួលកាប់ឆ្ការចម្ការឱ្យគេ ដើរជាន់គ្រាប់មីនផ្ទុះដាច់ជើង បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។
បុរសរងគ្រោះដែលជាន់មីនផ្ទុះដាច់ជើងម្ខាង មានឈ្មោះចក់ មឿន អាយុ៣៦ឆ្នាំ ប្រកបរបរដើរស៊ីឈ្នួលកាប់ចម្ការឱ្យគេ មានលំនៅក្នុងភូមិបោះស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទើបមកស្នាក់នៅឃុំថ្មដា បានប្រមាណកន្លះតែប៉ុណ្ណោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះគឺជាអ្នករស់នៅខេត្តបាត់ដំបងឯណោះ តែរយៈពេលកន្លះខែកន្លងមកនេះ ជនរងគ្រោះបានមកស្នាក់នៅតាមចម្ការកៅស៊ូរបស់ប្រជាពលរដ្ឋ ក្នុងឃុំថ្មដា ដើម្បីស៊ីឈ្នួលកាប់ចម្ការឱ្យគេ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមនឹងមិត្តភក្តិចំនួន៥នាក់ទៀត បាននាំគ្នាចេញទៅស៊ីឈ្នួលកាប់ចម្ការគេនៅក្បែរព្រំដែន ពោលគឺនៅចំងាយប្រមាណ៥០០ម៉ែត្រប៉ុណ្ណោះ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕