Wednesday, July 30, 2025
Homeព័ត៌មានជាតិព្រោះតែការសប្បាយជិះទូកជាមួយមិត្តភ័ក្តិ ប្រពន្ធទន្ទឹងចាំផ្លូវ៣ថ្ងៃ បែរជាឃើញសពប្តីអណ្តែតទឹក

ព្រោះតែការសប្បាយជិះទូកជាមួយមិត្តភ័ក្តិ ប្រពន្ធទន្ទឹងចាំផ្លូវ៣ថ្ងៃ បែរជាឃើញសពប្តីអណ្តែតទឹក

ខេត្តកំពត ៖ បុរសម្នាក់ បានចេញពីផ្ទះ ទៅផឹកស៊ីជាមួយមិត្តភក្តិនៅលើទូកទេសចរណ៍ក្បែរមាត់ព្រែកកំពង់បាយ លុះផឹកស្រវឹង កើតមានទំនាស់ ឈានដល់អំពើហិង្សា ទើបធ្វើឱ្យបុរសរូបនោះ បានលោតចូលទឹកក្នុងទឹកព្រែក រួចក៏បាត់ខ្លួនរហូត ទុកឱ្យស្ត្រីជាប្រពន្ធចេះតែទន្ទឹងចាំមើលផ្លូវប្តីត្រឡប់មកផ្ទះវិញ អស់រយៈពេល៣ថ្ងៃ នៅតែមិនយល់ស្រមោលប្តីសោះ ទីបំផុតក៏មានគេប្រាប់ថា ប្រទះឃើញសពប្តីរបស់នាង អណ្តែតក្នុងទឹកព្រែក ធ្វើឱ្យស្ត្រីជាប្រពន្ធរន្ធត់ចិត្តស្ទើរគាំងបេះដូងស្លាប់។

ហេតុការណ៍ប្រទះឃើញសាកសពអណ្តែតទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រែកកំពង់បាយ ខាងកើតកីឡាទឹកចម្ងាយជិត១០០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត។

បុរសរងគ្រោះដែលស្លាប់អណ្តែតទឹកនេះ មានឈ្មោះហូង សុជាតិ អាយុ២៨ឆ្នាំ មានប្រពន្ធឆ្មោះឆយ សុប៊ី អាយុ២៧ឆ្នាំ និងមានលំនៅ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

តាមសម្តីស្ត្រីឈ្មោះឆយ សុប៊ី ត្រូវជាប្រពន្ឋរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់នាងបានចេញពីផ្ទះ តាំងពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ រួចក៏បាត់ខ្លួនរហូត មិនឃើញត្រឡប់មកផ្ទះវិញសោះ ចំណែកនាងចេះតែទន្ទឹងរង់ចាំមើលផ្លូវប្តីរហូត លុះព្រឹកឡើងក៏មានសាច់ញាតិខាងប្តីមកប្រាប់ថា យប់មិញប្តីរបស់នាង បានទៅផឹកស៊ីនៅលើទូកទេសចរណ៍ក្បែរមាត់ព្រែកកំពង់បាយ រួចមាន រឿង (តែមិនដឹងមានរឿងអ្វីទេ) ក៏បានលោតចូលទឹកបាត់ខ្លួនតាំងពីយប់មកម៉្លេះ។ យ៉ាងណា អ្នកមកប្រាប់នោះ មិនបានប្រាប់រឿងរ៉ាវឱ្យលម្អិតថា ប្តីនាងមានរឿងអ្វី? មានរឿងជាមួយអ្នកណា? ជាមួយអ្នកផឹកស៊ីជាមួយគ្នា ឬជាមួយអ្នកផ្សេងនោះទេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា ដោយសារតែដឹងរឿងមិនច្បាស់ ទើបនាងមិនបានទៅប្តឹងសមត្ថកិច្ចនោះទេ ណាមួយនាងគិតថា ប្តីរបស់នាងពូកែហែលទឹក ហើយម៉្យាងទៀតទូកដែលប្តីបានផឹកស៊ីនោះ ក៏នៅក្បែរច្រាំងដែរ ហេតុនេះបើមានរឿងអ្វី ប្តីលោតចុះទឹក ក៏អាចហែល គេចពីទូកនោះ រកផ្លូវឡើងគោកបានដែរ ហេតុនេះទើបនាងចេះតែបន្តអង្គុយទន្ទឹងរង់ចាំផ្លូវប្តីរហូតមក។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ក៏មានគេមកប្រាប់ថា បានប្រទះឃើញសពបុរសម្នាក់ស្លាប់ អណ្តែតទឹកព្រែកនៅចំណុចកើតហេតុខាងលើ ទើបធ្វើឱ្យនាងនឹកសង្ស័យ ក៏ប្រញាប់នាំគ្រួសារ មកដល់កន្លែងកើតហេតុ ពិនិត្យមើល ទើបដឹងថា សពជនរងគ្រោះពិតជាប្តីរបស់នាងប្រាកដមែន៕

RELATED ARTICLES