ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិអះអាងថា គឺជាមនុស្សប្រមឹក ចូលចិត្តផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះក្រោយពីស្រវឹងស្រា ក៏បានចុះទៅងូតទឹកលេងតែម្នាក់ឯង ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានអ្នកភូមិប្រទះឃើញ កើតមានការភ្ញាក់ផ្អើលឡើងកាលពីេវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន។
ស្ត្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះអៀម សុភ័ណ្ឌ អាយុ៣៨ឆ្នាំ (ជាមនុស្សស្រវឹងខួប) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ ចូលចិត្តផឹកស្រាស្រវឹងជាប់ជាប្រចាំ ជួនផឹកស្រាដល់ដាច់បាយ ដាច់ទឹកក៏មាន ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណា ក៏មិនខ្ចីស្តាប់។ នៅមុនពេលកើតហេតុ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ស្ត្រីរងគ្រោះក៏បានចុះទៅងូតទឹកស្រះខាងមុខផ្ទះតែម្នាក់ឯង ដោយគ្មានអ្នកណាម្នាក់បានដឹងឡើយ ទើបបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។ រហូតដល់ម៉ោងា៥និង១០នាទីល្ងាច ទើបមានអ្នកប្រទះឃើញ ក៏កើតមានការផ្អើលឆោឡោឡើងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ ទឹកប្រាកដមែន មូលហេតុដោយសារជនរងគ្រោះបានចុះមុជទឹកក្នុងភាពស្រវឹងស្រាបណ្តាលឱ្យលង់ស្លាប់តែម្តង៕