Saturday, November 8, 2025
Homeព័ត៌មានជាតិរូបរាងស្អាតបាតបែបនេះ មិនគួរណាធ្លាក់ខ្លួនចូលគ្រឿងញៀន រហូតដល់ស្លាប់សោះ

រូបរាងស្អាតបាតបែបនេះ មិនគួរណាធ្លាក់ខ្លួនចូលគ្រឿងញៀន រហូតដល់ស្លាប់សោះ

ភ្នំពេញ ៖ យុវជនម្នាក់ដែលបានធ្វើសកម្មភាពដើរអុកឡុកតាមផ្លូវ ទាញដុំថ្មគប់រថយន្ត ព្រមទាំងដេញវាយអ្នកដំណើរពេញផ្លូវព្រះមុនីវង្ស នៅចំណុចខាងមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បាទា តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យនៅវេលាថ្ងៃត្រង់ថ្ងៃដដែល។

យុវជនដែលដើរអុកឡុកតាមផ្លូវ និងបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យនោះ មានឈ្មោះគឹម ភារុណ ហៅផ្លយ អាយុ២៣ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ មានលំនៅផ្ទះលេខ ៥៥ែ១ ផ្លូវលេខ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

គួររំលឹកថា កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចខាងមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយយុវជនរងគ្រោះមិនដឹងថាដើរមកពីណា លុះមកដល់ចំណុចខាងលើ ស្រាប់តែមានអាការៈដូចជាមនុស្សបែកថ្នាំក្នុងសភាពធ្ងន់ធ្ងរ គ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងលែងបាន ក៏បានរើសដុំថ្មដេញវាយអ្នកដំណើរ និងថែមទាំងគប់ទៅលើរថយន្តពេញផ្លូវ ធ្វើឱ្យអ្នកដំណើរមានការភ័យខ្លាចគ្រប់ៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានប្រទះឃើញសភាពរបស់យុវជននោះ ដេកដួលននៀលពេញដី និយាយស្តីមិនដឹងទិសតំបន់ និងចេះតែស្រែកមិនឈប់ ហើយអ្វីដែលគួរឱ្យខ្លាចបំផុតនោះ គឺយុវជនរូបនេះបញ្ឈរភ្នែក (ដូច Zoombie) គួរឱ្យខ្លាចបំផុត  ទើបសមត្ថកិច្ចខ្លាចបង្កគ្រោះថ្នាក់ដល់មនុស្សម្នាក់ ក៏សម្រេចចាប់ចងក្នុងបំណងបញ្ជូនទៅកាន់ខាងមន្ទីរសង្គមកិច្ច។

ក្រោយកើតហេតុ រថយន្តរបស់មន្ទីរសង្គមកិច្ចក៏មកដល់ទីតាំងកើតហេតុ ដឹកយុវជនរូនោះចេញទៅ ប៉ុន្តែដោយឃើញសភាពយុវជននោះ សម្ងំស្ងៀមបាត់មាត់បាត់ក ខុសប្លែកដូចកាលពីរូបគេនៅកន្លែងកើតហេតុ ទើបសម្រេចដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះវិញ តែអកុសល មកដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល យុវជនរូបនោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

បន្ទាប់ពីយុវជនខាងលើដាច់ខ្យល់ស្លាប់ កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង មូលហេតុដោយសារតែជនរងគ្រោះប្រើសារធាតុញៀនប្រភេទមេតំហ្វេតាមីន ច្រើនហួសកំរិត។

ក្រោយពិនិត្យ និងកោសល្យវិច័យយ៉ាងល្អិតល្អន់រួច នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះ ទៅឱ្យស្ត្រីជាម្តាយបង្កើតដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ៕

RELATED ARTICLES