ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់បានដើរចេញពីផ្ទះ ទៅឆ្លុះកង្កែបនៅតាមភ្លឺស្រែតែម្នាក់ឯង លុះកំពុងឱនលូកខ្វារកង្កែប ក៏ស្រាប់តែត្រូវសត្វពស់មួយក្បាលចឹកចំភ្នែក បណ្តាលឱ្យរងរបួសធ្ងន់ ហើយភ្លាមនោះ ក្មេងប្រុសរងគ្រោះបានប្រឹងរត់ពីវាលស្រែ សំដៅមកផ្ទះហៅឪពុកម្តាយឱ្យជួយ លុះមកដល់ផ្ទះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីក្មេងប្រុសត្រូវពស់ចឹកចំភ្នែកស្លាប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិឪម៉ាល់ចាស់ (ភូមិបត់ត្រង់) ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។
ក្មេងប្រុសរងគ្រោះ ដែលត្រូវពស់ចឹកស្លាប់ មានឈ្មោះឈួត ក្តៀប អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីឪពុកម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ រួមនឹងក្មេងៗក្នុងភូមិប៉ុន្មាននាក់ទៀត បាននាំគ្នាដើរចេញពីផ្ទះ សំដៅទៅវាលស្រែទីតាំងកើតហេតុខាងលើ បំណងចេញទៅឆ្លុះកង្កែប ប៉ុន្តែពេលទៅដល់វាលស្រែ ពួកគេក៏ដើរបែកផ្លូវគ្នារកឆ្លុះកង្កែបនៅកន្លែងផ្សេងៗគ្នារៀងៗខ្លួន ពោលគឺមិនដើរឆ្លុះជុំគ្នាទេ។
ឪពុកម្តាយក្មេងប្រុសរងគ្រោះ បានបន្តថា ពេលទៅដល់វាលស្រែ កូនប្រុសគាត់ក៏បានលូកខ្វារក្តាមនៅជាប់ភ្លឺស្រែ ស្រាប់តែអកុសលអ្វី ត្រូវសត្វពស់១ក្បាលចឹកចំភ្នែក បណ្តាលឱ្យរងរបួសធ្ងន់ ឈឺចុកចាប់យ៉ាងខ្លាំង។ ភ្លាមនោះ កូនប្រុសរបស់គាត់ក៏បានប្រឹងរត់ចេញពីកន្លែងដែលត្រូវសត្វពស់ចឹក សំដៅមកផ្ទះវិញ ដែលមានចម្ងាយប្រមាណជាង១០០ម៉ែត្រ បំណងហៅឪពុកម្តាយឱ្យជួយ ប៉ុន្តែជាអកុសល ពេលកូនប្រុសគាត់រត់មកដល់ក្រោមផ្ទះរបស់ឈ្មោះទួន ឈួន ភេទស្រី អាយុ៦៣ឆ្នាំ ដែលរស់នៅភូមិជាមួយគ្នា ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារពស់ចឹកពិតប្រាកដមែន ដោយនៅលើរង្វង់ភ្នែកខាងស្តាំ របស់ក្មេងប្រុសរងគ្រោះមានស្នាមចង្កូមពស់ទៀតផង ហើយមិនមានស្លាកស្នាម ណាមួយពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕