ភ្នំពេញ ៖ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពអណ្តែតទឹកស្រះផ្កាប់មុខ ចំណែកខ្លួនប្រាណត្រូវបានវ័ណ្ឌជាប់ដោយមង និងត្រូវបានគេសង្ស័យថា ជនរងគ្រោះចុះរាយមងមិនប្រយ័ត្ន បណ្តាលឱ្យទាក់មងលង់ទឹកស្លាប់ដោយខ្លួនឯង និងត្រូវប្រជាពលរដ្ឋប្រទះឃើញ កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្រះទឹក មុខបូជនីយដ្ឋានទួលធាតុ ស្ថិតនៅក្នុងភូមិព្រៃកុដ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

សាកសពបុរសខាងលើ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជាង៣០ឆ្នាំ សប្បុរសណ្តែកបាយ ស្លៀកខោកីឡាជើងខ្លីពណ៌ក្រហម ពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក គេធ្លាប់ប្រទះឃើញជនរងគ្រោះតែងមកដាក់មងយកត្រី នៅចំណុចស្រះទឹកខាងលើជាប់ជាប្រចាំ ប៉ុន្តែមិនមានអ្នកណាម្នាក់បានស្គាល់ឈ្មោះ និងដឹងពីលំនៅរបស់ជនរងគ្រោះនោះទេ ហើយជនរងគ្រោះចុះមករាយមកនៅទីនេះ (ទីតាំងកើតហេតុ) ក៏មិនធ្លាប់ជួបបញ្ហាអ្វីដែរ។

ប្រភពដដែលបន្តថា លុះមកដល់ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ គេក៏បានប្រទះឃើញជនរងគ្រោះមកដាក់មងនៅទីតាំងកើតហេតុខាងលើដែរ តែក៏មិនមានអ្នកចាប់អារម្មណ៍ថា ជនរងគ្រោះត្រឡប់ទៅវិញឬក៏អត់ដែរ។ ស្រាប់តែមកដល់វេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលមានអ្នកដើរឆ្លងកាត់ទីតាំងកើតហេតុ ក៏ប្រទះឃើញសពជនរងគ្រោះខាងលើ អណ្តែតទឹកផ្កាប់មុខក្នុងស្រះ ដោយខ្លួនជាប់ជាមួយមងបាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅពិនិត្យនិងកោសល្យវិច័យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះចុះទឹករាយមង និងត្រូវមងទាក់ជាប់ខ្លួន ហែលទឹកមិនរួច ក៏បណ្តាលឱ្យលង់ស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕