Tuesday, July 29, 2025
Homeព័ត៌មានជាតិកូនប្រុសសុំលុយម៉ែអត់បាន វ៉ៃបំផ្លាញទ្រព្យសម្បត្តិខ្ទេច

កូនប្រុសសុំលុយម៉ែអត់បាន វ៉ៃបំផ្លាញទ្រព្យសម្បត្តិខ្ទេច

ខេត្តប៉ៃលិន៖ បុរសចិត្តកំណាចម្នាក់ បានសុំលុយម្តាយយកទៅចាយវាយ លុះម្តាយគ្មានលុយឱ្យ ក៏ស្រាប់តែមួម៉ៅក្តៅចិត្ត ស្ទុះទៅទាញពូថៅ មកវាយបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ បណ្តាលឱ្យបាក់បែកខ្ទេចអស់គ្មានសល់ ទីបំផុតម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសខឹងម៉ែមិនឱ្យលុយ ទាញពូថៅវ៉ៃកំទេចទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ជនបង្កហេតុខាងលើ មានឈ្មោះគឹម មិថុនា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះសុទ្ធ ញី ភេទស្រី អាយុ៦៧ឆ្នាំ ត្រូវជាម្តាយរបស់ជនបង្ក មុខរបរកសិករ។ ទាំងពីរនាក់ម្តាយកូន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយជនបង្ក បានរៀបរាប់ប្រាប់ថា កូនប្រុសម្នាក់នេះ គ្មានការងារអ្វីធ្វើនោះទេ រាល់ថ្ងៃដើរប៉ោឡែអត់ប្រយោជន៍ផឹកស៊ីជាមួយមិត្តភក្តិ លុះពេលស្រវឹងចេះតែមករំអុកទារលុយគាត់ជាម្តាយយកទៅផឹកស៊ី ចាយវាយតាមទំនើងចិត្ត ហើយប្រសិនបើគាត់មានលុយឱ្យតាមអ្វីដែលកូនប្រុសនេះទាមទារ គឺមិនអីទេ តែបើមិនឱ្យវិញ ច្បាស់ជាត្រូវកូនប្រុសកំណាចនេះ រករឿងអុកឡុក គំរាមគាត់ជាម្តាយ ដោយគ្មានខ្លាចច្បាប់ទម្លាប់ ឬបុណ្យបាបអ្វីនោះទេ។

ស្ត្រីជាម្តាយជនបង្កបានបន្តថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ កូនប្រុសម្នាក់នេះ មិនដឹងជាទើបមកពីដើរលេងផឹកស៊ីនៅឯណាទេ ស្រាប់តែចូលដល់ផ្ទះ ក៏មកសុំលុយគាត់ ដើម្បីយកទៅចាយវាយបន្តទៀត តែគាត់អត់មានលុយឱ្យ ក៏ប្រាប់ថា ម៉ែគ្មានលុយទេកូន ស្រាប់តែកូនប្រុសកំណាចរូបនេះ បែរជាច្រឡោតខឹង ស្ទុះទៅទាញពូថៅ មកវាយកំទេចរបស់របរក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាតអស់មួយចំនួនធំតែម្តង និងថែមទាំងគំរាមគាត់ជាម្តាយទៀតផង។

ដោយសារតែទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់កូនប្រុសរូបនេះតទៅទៀតលែងបាន ទើបស្ត្រីជាម្តាយ បានសម្រេចប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES