កំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានចោទប្រកាន់បុរសចាស់ក្មេងចំនួន៣០នាក់ ថាបានចាប់រំលោភរហូតមានកូន និងទារសងជំងឺចិត្តយ៉ាងតិច៤០ម៉ឺនរៀល ដល់១លានរៀល ហើយអ្នកខ្លះក៏បានបង់ ចំណែកអ្នកខ្លះមិនទាន់បង់នោះទេ ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតក្នុងឃុំបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ស្ត្រីដែលជាដើមចោទ មានឈ្មោះសែម ស្រីយុទ្ធ អាយុប្រហែល៣០ឆ្នាំ រស់ភូមិព្រៃរំដួលខាងកើត ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមបុរសម្នាក់ ក្នុងចំណោមបុរសដែលរងការចោទប្រកាន់ បានប្រាប់អ្នកសារព័ត៌មានថា “ពួកគាត់បានរងគ្រោះដោយស្ត្រីខាងលើ ប្តឹងមនុស្សប្រុសចំនួន៣ភូមិ មានក្មេង មានចាស់ ជិត៣០នាក់។ សូម្បីតែឪពុករបស់លោកដែលមានវ័យចំណាស់ទៅហើយ ក៏ត្រូវស្ត្រីរូបនោះចោទប្រកាន់ និងទារលុយផងដែរ។ ចំពោះមូលហេតុដែលមានបុរសមួយចំនួនបានបង់លុយ គឺដោយសារតែខ្ជិលខ្លាចខ្មាសគេតែម្តង ខណៈដែលពួកគេមិនបានប្រព្រឹត្តទង្វើបែបនេះទាល់តែសោះ ដែលរឿងនេះគួរអស់សំណើច និងជារឿងដ៏ចម្លែកបំផុត”។

បុរសរងគ្រោះដែលនេះ បានបន្តថា “មកដល់ពេលនេះ មានមនុស្សមិនតិចជាង១០នាក់ទេ បានបង់លុយឲ្យម្តាយស្ត្រីខាងលើ។ ហើយលុយដែលបានបង់ គឺមានម្តាយ និងឪពុកជាអ្នកទទួល ដោយគ្មានមុខកូនស្រីឡើយ។ អ្វីដែលហួសបំផុតនោះ ស្រ្តីខាងលើប្តឹងទារលុយពីបុរសទាំងនោះ ក្នុងម្នាក់ៗ ចាប់ពី៤០ម៉ឺន ទៅ១លានរៀល”។
ចំពោះករណីខាងលើ អ្នកសារព័ត៌មានយើងមិនទាន់អាចទាក់ទងទៅឪពុកម្តាយ និងស្ត្រីដែលជាដើមចោទ បាននៅឡើយទេ។
ដោយឡែក លោកចាន់ ថុល មេឃុំបរសេដ្ឋ បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា លោកបានប្រើមន្ត្រីឲ្យទៅសម្របសម្រួលស្ងាត់ៗនៅភូមិតែម្តង ហើយលោកទទួលស្គាល់ថា មានមនុស្សចំនួន៣ភូមិ ដែលត្រូវស្ត្រីនោះចោទមែន ហើយលោកហ៊ានអះអាងថែមទៀតថា ស្ត្រីខាងលើមានសតិមិនគ្រប់ ។

ចំណែកលោកអធិការនគរបាលស្រុកបរសេដ្ឋ បានប្រាប់ថា “លោកមិនបានដឹងរឿងរ៉ាវខាងលើនេះទេ ហើយ កំពុងស្រាវជ្រាវអំពីរឿងនេះឲ្យស៊ីជម្រៅ។
គួរបញ្ជាក់ថា ករណីស្ត្រីម្នាក់ចោទបុរស៣០នាក់ចាប់រំលោភ គឺជាករណីមួយដ៏ភ្ញាក់ផ្អើល និងចម្លែកបំផុតមួយ ដែលកើតមានក្នុងសង្គមខ្មែរ ខណៈដែលកន្លងមកមិនដែលមានករណីបែបនេះកើតឡើងទាល់តែសោះ៕