ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងចេញពីធ្វើការងារនៅហាងខារ៉ាអូខេវិញ ជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម ប្រដាប់ដោយដាវ បានធ្វើសកម្មភាពដេញធាក់ម៉ូតូឱ្យដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។

ករណីដេញកាប់ប្លន់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ជិតស្ពានបាក់ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

យុវជនរងគ្រោះដែលត្រូវក្រុមចោរដេញកាប់ប្លន់ម៉ូតូ មានឈ្មោះយ៉ាង ឧត្តម អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាក Zoomer-X ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS-7178។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេទើបតែចេញពីធ្វើការចាក់ភ្លេងខារ៉ាអូខេនៅជិតកោះពេជ្រ រួចក៏ជិះម៉ូតូដោយជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច គោលបំណងត្រឡប់ទៅវិញដូចសព្វដង។ លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក និងស្លាកលេខ បានជិះដេញតាមពីក្រោយ រួចជិះមកកៀបសងខាង ហើយធ្វើសម្មភាពធាក់ផ្តួល បណ្តាលឱ្យរូបគេដួលម៉ូតូរលាត់ដៃជើង ស្រាប់តែភ្លាមនោះ ក្រុមជនសង្ស័យបានដកដាវបម្រុងកាប់ ធ្វើឱ្យរូបគាត់ភ័យរត់ចោលម៉ូតូ និងបានស្រែកថាចោរៗ រួចរត់យករួចខ្លួនសិន។ លុះពេលឃើញឱកាសល្អ ជនសង្ស័យ ទាំងនោះក៏បានលើកម៉ូតូរបស់គេ ជិះគេចខ្លួនបាត់អស់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកកំពឹស ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវតាមរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា ក្រោយពីដាក់ពាក្យបណ្តឹងរួច ជនរងគ្រោះក៏បានរៀបចំឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែត្រូវបានអ្នកយកព័ត៌មាន បានធ្វើការសាកសួរនិងថតរូបភាព ស្រាប់តែលេចលោកមេប៉ុស្តិ៍ ស្លៀកពាក់ស៊ីវិល ទើបតែចេញដេកក្នុងប៉ុស្តិ៍ ដើរមកត្រេងត្រាង មិនបានសួរនាំអ្វីទេ ស្រាប់តែស្រែកជេរក្រុមអ្នកសារព័ត៌មានយ៉ាងចាស់ដៃ តែក្រុមអ្នកព័ត៌មានមិនបានតបតអ្វីទេ រួចក៏នាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹស វិញអស់ទៅ៕ឮ
