កំពង់ធំ ៖ អំពើហិង្សាមួយបានកើតឡើង ដោយសារតែជនរងគ្រោះបានខ្ចីលុយ១លាន៥សែនរៀល យូរសងពេក ទើបធ្វើឲ្យជនសង្ស័យខឹង ក៏បានទាញពូថៅកាប់រងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងវេលាម៉ោង19និង50នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសូជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនសង្ស័យមានឈ្មោះ ឈិន ឈុន ភេទប្រុស អាយុ57ឆ្នាំ។ ជនរងគ្រោះមាន ឈ្មោះ ឈិន ប៉ាត ភេទប្រុស អាយុ 45ឆ្នាំ មុខរបរកសិករ។ អ្នកទាំង២ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពបានឲ្យដឹងថា មុនេពលកើតហេតុ គេឃើញជនរងគ្រោះជាប្អូន បានដើរចេញពីតូបលក់ដូរទៅផ្ទះ ពេលនោះជនសង្ស័យជាបង បានទៅទិញបារីជក់ ដោយដៃកំពុងកាន់ពូថៅ ពេលដើរទៅដល់ពាក់កណ្តាលផ្លូវ ជនសង្ស័យនិងជនរងគ្រោះបានជួបគ្នា ហើយក៏បាននិយាយគ្នាក៏កើតជាជម្លោះពាក្យសម្តី ដោយជនសង្ស័យដាល់ចំបបូរមាត់ចេញឈាម រួចទាញពូថៅកាប់ទៅលើជនរងគ្រោះ ត្រូវចំក្រោមក្លៀកលើឆ្អឹងជំនីប៉ែកខាងស្តាំ របួសមុតសាច់ដល់ឆ្អឹងប្រវែង11សង់ទីម៉ែត្រថែមទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យភ្លាមៗ ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការ៕