តាកែវ៖ បុរសម្នាក់បានដើរបាត់ពីផ្ទះ ៥ថ្ងៃមកហើយ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងស្រះទឹក ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង00នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ព្រំ សុខនាង ភេទប្រុស អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះសយ ស៊ីមន អាយុ៣៨ឆ្នាំ អ្នកទាំង២មានមុខរបេធ្វើស្រែ រស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះផឹកស្រាជាប្រចាំ រហូតដល់បែកសតិ កើតជំងឺសរសៃប្រសាទ បានដើរបាត់ពីផ្ទះតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ហើយក្រុមគ្រួសារបានដើរព្យាយាមដើររក រហូតមកដល់ថ្ងៃកើតហេតុ គឺរយៈពេល៥ថ្ងៃ ទើបប្រទះឃើញសាកសពជនរងគ្រោះលង់ទឹកស្លាប់នៅក្នុងស្រះទឹករបស់ឈ្មោះង៉ែត ខេង នៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ប្រាកដមែន ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
