កំពង់ឆ្នាំង៖ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់ដុតផ្ទះខ្លួនឯងចោល ព្រោះខឹងម្តាយមិនឲ្យប្លង់ដីបញ្ចាំទិញម៉ូតូ ហេតុការណ៍នេះកើតឡើងនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

យុវជនរូបនោះមានឈ្មោះ លឹង ឆើត អាយុ២៩ឆ្នាំ មានឪពុកឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំ និងម្តាយឈ្មោះ លឹង ហាន អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន លឹង ឆើត កំពុងស្រវឹងធ្លាក់ភ្នែក បានសុំប្លង់ដីម្តាយយកទៅបញ្ចាំ ដើម្បីយកលុយទៅទិញម៉ូតូជិះ ពេលនោះឪពុកម្តាយមិនព្រមឲ្យទេ ស្រាប់តែកូនចិត្តក្តៅរូបនេះកើតចិត្តខឹងសម្បាជាខ្លាំង បានរត់ទៅយកស្លឹកត្នោតចំនួន៣ធាង ដុតផ្ទះឲ្យឆេះខ្ទេចគ្មានសល់តែម្តង។

ផ្ទះដែលកូនចិត្តក្តៅរូបនេះដុត មានទំហំ៥×៤ម៉ែត្រ ប្រក់ស្លឹកត្នោត ជញ្ជាំស្លឹក រនាបឫស្សី។
ក្រោយកើតហេតុ កម្លាំងប្រជាការពារភូមិ បានចុះអន្តរាគមន៍ភ្លាមៗ ចាប់ខ្លួនយុវជនលឹង ឆើត ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីបន្តនីរិវិធីតាមច្បាប់៕