យោងតាមប្រភពព័ត៌មានពីកាសែតអេស្ប៉ាញ ចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករ Neymar វ័យ២៦ឆ្នាំ បង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយក្លឹបបាល់ទាត់បារាំង Paris SG ដោយចង់វិលត្រឡប់មកកាន់ទ្រនំចាស់ Barcelona វិញ។
កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ទើបផ្លាស់មកលេងជាមួយក្លឹប Paris SG បានរយៈពេលជាង១ឆ្នាំ ក្រោយពីមានរឿងចម្រូងចម្រាសតម្លៃខ្លួនកប់ពពក ជាង២៦០លានដុល្លារ។
ប្រភពព័ត៌មានអេស្ប៉ាញ ដែលសុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា កីឡាករ ណយេមារ អាចវិលត្រឡប់ទៅកាន់ទឹកអេស្ប៉ាញវិញ នៅដំណាច់រដូវកាលនេះ។ ហេតុផលដែល Neymar សម្រេចចិត្តចាកចេញក្លឹបដ៏ល្បីមួយនេះ ដោយសារតែគេមិនអាចដណ្តើមយកតំណែងលេខ១ ពីកីឡាករ Lionel Messi បាន។
ទោះជាយ៉ាងណាក្តី ពេលមកដល់ក្លឹប Paris SG កីឡាករ Neymar ក៏ជួបរឿងដដែលទៀត គឺត្រូវប្រកួតប្រជែងជាមួយនឹងយុវជនវ័យក្មេងរបស់បារាំង កីឡាករ Mbappe ដែលកំពុងតែបង្ហាញទម្រង់លេងធ្លោនៅក្នុងក្លឹបនេះ។
ទោះបីជា Neymar បង្ហើបពីការវិលត្រឡប់ចង់ទៅរួមរស់ជាមួយក្លឹបអ្នកមានបុណ្យ Barcelona យ៉ាងណាក្តី តែគេត្រូវជួបឧបសគ្គធំៗ ចំនួន២ គឺ ៖
១-តើក្លឹប Barcelona នៅត្រូវការគាត់ទៀតដែរឬអត់?
២-តើក្លឹប Barcelona ហ៊ានឱ្យតម្លៃខ្លួនកីឡាករ Neymar ខ្ពស់ជាងក្លឹប Paris SG ឫអត់?