កាលពីម៉ោង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានបុរសម្នាក់យកកាំបិតភ្ជង់ យកគ្រឿងអលង្ការ និងទូរស័ព្ទ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ រួចគេចខ្លួនបាត់ បន្ទាប់ពីពួកគេបានស្គាល់គ្នាតាមFacebook រួចChat ចុះឡើងសាសង រួចខាងប្រុសបានណាត់នារីរងគ្រោះជួបគ្នានៅផ្ទះសំណាក់ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវបេតុង ផ្ទះសំណាក់បៃតង ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
នារីងគ្រោះមានឈ្មោះហួន សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់អីវ៉ាន់ online ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យដែលប្លន់យកគ្រឿងអលង្ការ និងទូរស័ព្ទ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។
បើតាមការឲ្យដឹងពីនារីរងគ្រោះ បានឲ្យដឹងថា នាងនិងជនសង្ស័យបានស្គាល់គ្នាតាម Facebook ហើយក៏បានChat ចុះឡើងជាមួយអស់រយៈពេលជិត១ខែ ក៏ជនសង្ស័យបបួលនាងដើរលេងញឹកញាប់ តែនាងមិនព្រម។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័បានChat មកបបួលនាងជួបនៅផ្ទះសំណាក់បៃតង ហើយបានប្រាប់នាងថា “មកជួបបងបន្តិចមក ចាំបងឲ្យលុយចំនួន១០០ដុល្លារ… បងមិនធ្វើអីទេ សូមតែអូនមកមួយភ្លេតមក”។ ពេលឃើញសារបែបនេះ នាងក៏ព្រម ពេលនោះនាងក៏បានឲ្យមិត្តភក្តិជូនមកដល់ផ្ទះសំណាក់បៃតងភ្លាម។
នារីរងគ្រោះបានបន្តថា លុះពេលមកដល់ហើយ នាងក៏បានដើរចូលបន្ទប់ដែលជនសង្ស័យបានណាត់ ពេលទៅដល់បន្ទប់ នាងក៏បានរុញទ្វារចូល ស្រាប់តែជនសង្ស័យបានរត់មកចាប់ច្របាច់កនាង ហើយយកកាំបិតមកភ្ជង់នាប្លន់ដើម្បីប្លន់យកទ្រព្យសម្បត្តិ នាងក៏បានដោះគ្រឿងអលង្ការ និងទូរស័ព្ទ ឲ្យជនបង្ក ពេលនោះជនបង្កក៏បានគំរាមនាងថា “បើសិនជានាងអែងហ៊ានស្រែក អញនឹងសម្លាប់ចោល” រួចជនសង្ស័យរត់ចេញពីបន្ទប់ ចុះមកក្រោម ជិះកង់បីរត់បាត់ស្រមោល។
សម្ភារដែលជនរងគ្រោះបាត់បង់ មានដូចជា ទូរស័ព្ទ iPhone XS Max ០១គ្រឿង, ខ្សែកចំនួន០១ខ្សែ, ខ្សែដៃចំនួន០១ខ្សែ, ចិញ្ជៀនពេជ្រ០១វង់ និងលុយដុល្លារចំនួន២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហើយបាននាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងសួរនាំបន្ត ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ ចាប់ខ្លួនមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕