Wednesday, July 9, 2025
Homeព័ត៌មានជាតិប្រុសបបួលចូលផ្ទះសំណាក់ "សន្យាមិនធ្វើអីទេ" អូនចូលទៅដល់ ភ្ជង់យក៣០០០ដុល្លារ

ប្រុសបបួលចូលផ្ទះសំណាក់ “សន្យាមិនធ្វើអីទេ” អូនចូលទៅដល់ ភ្ជង់យក៣០០០ដុល្លារ

កាលពីម៉ោង​៧យប់​​ ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០១៩ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានបុរសម្នាក់យកកាំបិតភ្ជង់ យកគ្រឿងអលង្ការ​ និងទូរស័ព្ទ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ រួចគេចខ្លួនបាត់ បន្ទាប់ពីពួកគេបានស្គាល់គ្នាតាមFacebook រួចChat ចុះឡើងសាសង រួចខាងប្រុសបានណាត់នារីរងគ្រោះជួបគ្នានៅផ្ទះសំណាក់ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវបេតុង ផ្ទះ​សំណាក់​បៃតង​ ស្ថិត​នៅ​ភូមិអ័រគីដេ​ សង្កាត់​អូបែក​ក្អម ​ខណ្ឌសែនសុខ។

នារីងគ្រោះមានឈ្មោះហួន​ សុភា​ ភេទ​ស្រី​ អាយុ​២៤ឆ្នាំ​ មុខរបរ​លក់​អីវ៉ាន់​ online ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​កាកាប​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ចំណែកជនសង្ស័យដែលប្លន់យកគ្រឿងអលង្ការ​ និងទូរស័ព្ទ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

បើតាមការឲ្យដឹងពីនារីរងគ្រោះ បានឲ្យដឹងថា នាងនិងជនសង្ស័យបានស្គាល់គ្នាតាម Facebook ហើយក៏បានChat ចុះឡើងជាមួយអស់រយៈពេលជិត១ខែ ក៏ជនសង្ស័យបបួលនាងដើរលេងញឹកញាប់ តែនាងមិនព្រម។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័បានChat មកបបួលនាងជួបនៅផ្ទះសំណាក់បៃតង ហើយបានប្រាប់នាងថា “មកជួបបង​បន្តិច​មក ចាំ​បងឲ្យលុយចំនួន១០០ដុល្លារ… បងមិនធ្វើអីទេ សូមតែអូនមកមួយភ្លេតមក”។ ពេលឃើញសារបែបនេះ នាងក៏ព្រម ពេលនោះនាងក៏បានឲ្យមិត្តភក្តិជូនមកដល់ផ្ទះសំណាក់បៃតងភ្លាម។

នារីរងគ្រោះបានបន្តថា លុះពេលមកដល់ហើយ នាងក៏បានដើរចូលបន្ទប់ដែលជនសង្ស័យបានណាត់ ពេលទៅដល់បន្ទប់ នាងក៏បានរុញទ្វារចូល ស្រាប់តែជនសង្ស័យបានរត់មកចាប់ច្របាច់កនាង ហើយយកកាំបិតមកភ្ជង់នាប្លន់ដើម្បីប្លន់យកទ្រព្យសម្បត្តិ នាងក៏បានដោះគ្រឿងអលង្ការ និងទូរស័ព្ទ ឲ្យជនបង្ក ពេលនោះជនបង្កក៏បានគំរាមនាងថា “បើសិនជានាងអែងហ៊ានស្រែក អញនឹងសម្លាប់ចោល” រួចជនសង្ស័យរត់ចេញពីបន្ទប់ ចុះមកក្រោម ជិះកង់បីរត់បាត់ស្រមោល។

សម្ភារដែលជនរងគ្រោះបាត់បង់ មានដូចជា ទូរស័ព្ទ​ iPhone XS Max ០១​គ្រឿង, ខ្សែ​ក​ចំនួន​០១​ខ្សែ, ខ្សែ​ដៃ​ចំនួន​០១ខ្សែ​, ចិញ្ជៀន​ពេជ្រ​០១​វង់​ និងលុយ​ដុល្លារ​​ចំនួន​២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហើយបាននាំនារី​រងគ្រោះទៅ​ដាក់ពាក្យបណ្ដឹង​ និងសួរនាំបន្ត ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ​ ចាប់ខ្លួនមក​ផ្ដន្ទាទោស​ទៅតាមផ្លូវច្បាប់៕

RELATED ARTICLES