កាលពីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានសហការគ្នាធ្វើការស្រាវជ្រាវករណីដាក់ថ្នាំសណ្តំលាយជាមួយស្រាបៀរ ឲ្យម្ចាស់ផ្ទះផឹក ពេលថ្នាំជ្រាបពេញខ្លួនហើយ ជនរងគ្រោះបានដួលសន្លប់ រួចជនសង្ស័យបានលួច យកទ្រព្យសម្បត្តិទៅបាត់ លុះម្ចាស់ផ្ទះដឹងខ្លួន បានឃើញទ្រព្យសម្បត្តិបាត់បង់ ក៏រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហេតុការណ៍នេះកើតឡើងចំណុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ក្រោយដាក់ថ្នាំសណ្តំលួចទ្រព្យសម្បត្តិ ទី១. ឈ្មោះ ជា ចិន្តា ភេទស្រី ម អាយុ៥៤ឆ្នាំ ទី២. ឈ្មោះ ឡុង ស្រីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ (ជនសង្ស័យទាំង២នាក់នេះ រស់នៅភូមិ០៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ) និងទី៣. ឈ្មោះ ឆេង សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាសិត ឃុំពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ សោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់យីហោ សោរ យឹម)។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង២១និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅផ្ទះកើតហេតុ ដែលស្ថិតនៅចំណុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យជាស្រ្តីចំនួន០២នាក់ បានធ្វើសកម្មភាពបបួលជនរងគ្រោះឈ្មោះសោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់យីហោ សោរ យឹម) ផឹកស្រាបៀរ ABCជជែកគ្នាលេង នៅពេលនោះ ជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវជនសង្ស័យខាងលើ បានយកថ្នាំងងុយដេកលាយជាមួយស្រាបៀររបស់ជនរងគ្រោះ ហើយបន្តផឹកជជែកគ្នាលែងបន្តទៀត ប៉ុន្តែដោយសារឥទ្ឋិពលស្រាបៀរលាយជាមួយថ្នាំងងុយដេក ជនរងគ្រោះបានដេកដួលសន្លប់បាត់ស្មារតី ខណៈនោះជនសង្ស័យបានលួចប្រមូលយកទ្រព្យសម្បត្តិមួយចំនួន រួមមាន ប្រាក់ខ្មែរ ចំនួន៦០មុឺនរៀល, ខ្សែកផ្លាកទីន ចំនួន០១ខ្សែ ទម្ងន់០២តម្លឹង,បន្តោងមាស ទម្ងន់០៥ជី, ទូរសព្ទ័ដៃ ម៉ាក iphone X ចំនួន០១គ្រឿង, នាឡិកាដៃ ចំនួន០២គ្រឿង រួចគេចខ្លួន ដោយជនសង្ស័យឈ្មោះ ឆេង សីហា ជាអ្នកឌុបនាំទៅខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលដំណឹងនេះ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែន សហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ភ្លាមៗ ដោយដកហូតវត្ថុតាង ដូចជា ទូរស័ព្ទដៃចំនួន០១គ្រឿង, នាឡិកាដៃចំនួន០២គ្រឿង ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
