Saturday, July 19, 2025
Homeព័ត៌មានជាតិប្រពន្ធប្តឹងប្តីវាយដំ សមត្ថកិច្ចចុះឃាត់ខ្លួនមិនបាន ឃាត់បានក្មេងស្ទាវ២នាក់ទិញថ្នាំញៀន

ប្រពន្ធប្តឹងប្តីវាយដំ សមត្ថកិច្ចចុះឃាត់ខ្លួនមិនបាន ឃាត់បានក្មេងស្ទាវ២នាក់ទិញថ្នាំញៀន

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវបុរសជាប្តីប្រើអំពើហិង្សាវាយដំស្ទើររាល់ថ្ងៃ រហូតដល់ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែត្រូវបុរសជាប្តីដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់ស្រមោល លុះសមត្ថកិច្ចចុះឆែកឆេរផ្ទះ ស្រាប់តែធ្លាយរឿង បុរសជាប្តីធ្លាប់ប្រព្រឹត្តករណី លួច ឆក់ ប្លន់ និងជួញដូរថ្នាំញៀនយ៉ាងសកម្ម ហើយស្របពេលដែលសមត្ថកិច្ចកំពុងចុះប្រតិបត្តិការ ក៏ស្រាប់តែមានក្មេងស្ទាវ២នាក់ បានចូលមករកទិញថ្នាំ ញៀនពីជនសង្ស័យ ទើបសមត្ថកិច្ចចាប់ក្របួចជាប់២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលមករកទិញថ្នាំញៀននេះ ធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ។

ស្ត្រីរងគ្រោះ ដែលត្រូវប្តីវាយដំ រហូតទ្រាំលែងបានប្តឹងប៉ូលិសចាប់ប្តី ស្រាប់តែធ្លាយរឿងប្តីជាមុខសញ្ញាចោរប្លន់ និងជួញដូរថ្នាំញៀននេះ មានឈ្មោះឡាយ សុខនី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យជាប្តី មានឈ្មោះសួន រីណា ហៅធ្មេញ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន)។ ប្តីប្រពន្ធអ្នកទាំងពីរខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុ។

ដោយឡែក ជនសង្ស័យ២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តិការខាងលើដែរនោះ រួមមាន ទី១-ឈ្មោះនុន ផានិត ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ  និងទី២-ឈ្មោះសួន វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុ។ ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ ដែលត្រូវជនសង្ស័យជាប្តី ឈ្មោះសួន រីណា ហៅធ្មេញ បានប្រើអំពើហិង្សាវាយឱ្យមានស្នាមរបួស នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍ បានចុះតាមស្វែងរកជនសង្ស័យ ដោយជនរងគ្រោះបានចង្អុលបង្ហាញថា ជនសង្ស័យនៅក្នុងផ្ទះ ទើបកម្លាំងប៉ុស្តិ៍បានរាយការណ៍សុំអន្តរាគមន៍បន្ថែម រហូតឈានដល់ការបង្កើតគណៈកម្មការ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំភូមិធំ លោកមេភូមិរទាំងត្បូង និងជនរងគ្រោះ បានចូលដើម្បី ត្រួតពិនិត្យឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យក្នុងគោលបំណង រកជនសង្ស័យតែរកមិនឃើញ ព្រោះតែជននេះដឹងខ្លួនទាន់ ក៏រត់គេចខ្លួនបាត់។

ក្នុងករណីនេះ សមត្ថកិច្ចក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងបានមករកទិញថ្នាំញៀនយកទៅប្រើប្រាស់។

ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាម នីតិវីធី។ ដោយឡែក ជនសង្ស័យដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES