ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ យុវជនឈាមរាវ គ្រាន់តែត្រូវបុរសម្នាក់ជិះម៉ូតូបញ្ច្រាសគ្នា រកប៉ះគ្នា សម្លឹងមើលមុខ ស្រាប់តែផ្ទុះកំហឹង ស្ទុះទៅទាញ កាំបិតប៉័ងតោ កាប់ប្រហារទៅលើបុរសរងគ្រោះ ចំនួន២កាំបិត បណ្តាលឱ្យរយះថ្ងាស់ និងស្មា រងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ ខ្លួន នាំយកទៅចាត់ការតាមច្បាប់ បានកើតឡើងនៅចំណុចភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង។

បុរសរងគ្រោះមានឈ្មោះវ៉ាន់ វឿន អាយុ៣៧ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅក្នុងភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង (រងរបួសថ្ងាសខាងលើចិញ្ចើមខាងឆ្វេង និងស្មាខាងឆ្វេង)។ ចំណែកជនសង្ស័យមានឈ្មោះតាំង តុងអេង អាយុ២១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះនិងជនសង្ស័យ បានជិះម៉ូតូបញ្ច្រាសទិសគ្នារកប៉ះគ្នា ទើបជនរងគ្រោះបានសម្លឹងមើលមុខជនសង្ស័យ ស្រាប់តែភ្លាមនោះ ជនសង្ស័យបង្ករឿងឈ្លោះគ្នា រួចក៏រត់ទៅយកកាំបិតប៉័ងតោពីក្នុងផ្ទះ មកកាប់ប្រហារជនរងគ្រោះឈ្មោះវ៉ាន់ វឿន ត្រូវចំថ្ងាសមួយកន្លែង និងចំស្មាខាងឆ្វេងមួយកន្លែង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងប៉ុស្តិ៍រកាខ្ពស់ ចុះអន្តរាគមន៍ឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕
